តាមព្រឹត្តិបត្រព័ត៌មានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា ក្នុងរយៈពេលជិត ២ឆ្នាំ ក្រោយពេលដែលសាជីវកម្មឥណទានកម្ពុជា (CGCC) ត្រូវបានដាក់ឲ្យដំណើរការមកឃើញថា មានអាជីវកម្មសរុបចំនួន ១២៧៥ ក្រុមហ៊ុនអាជីវកម្ម ទទួលបានការធានាឥណទានពីសារជីវកម្មធានាឥណទានកម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបជាង ១១៣លានដុល្លារដុល្លារ។ ក្នុងនោះ ១៩៤កម្ចី ត្រូវបានផ្តល់ការធានានៅក្នុងឆ្នាំ២០២១ និង ៧៩១កម្ចី ត្រូវបានផ្តល់ការធានានៅក្នុងឆ្នាំ២០២២។ ហើយគិតមកដល់ត្រឹមខែមីនា ឆ្នាំ២០២៣ សន្ទុះនៃការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា តែបន្តកើនឡើងជាលំដាប់ ដោយក្នុងរយៈពេល៣ខែចុងក្រោយ មានផ្តល់ការធានាឥណទានចំនួន២៩០កម្ចី ក្នុងទំហំជាង ២០លានដុល្លារ ស្មើនឹងជាង៣៦% នៃការផ្តល់ការធានាឥណទានសរុបក្នុងឆ្នាំ២០២២ និងជិត១៥០%នៃការផ្តល់ការធានាឥណទានសរុបក្នុងឆ្នាំ២០២១។
ចំពោះប្រភេទ និងទំហំកម្ចីវិញ កម្ចីមានកាលកំណត់ នៅតែជាប្រភេទកម្ចីដែលបានដាក់ស្នើសុំការធានាច្រើនជាងគេ ដែលមានចំនួន ១០៤៧កម្ចី ហើយប្រមាណ៧៥% នៃកម្ចីដែលមានការធានាសរុប គឺត្រូវបានស្នើសុំយកមកប្រើប្រាស់ជាទុនបង្វិល។ ក្នុងនោះ អាជីវកម្ម៩២% ឬស្មើនឹង ១១៧៣អាជីវកម្ម គឺជាអាជីវកម្មខ្នាតតូច និងមធ្យម (SME) ហើយមានតែ ១០២កម្ចីតែប៉ុណ្ណោះ ដែលជាកម្ចីសម្រាប់សហគ្រាសខ្នាតធំ។ នេះបញ្ជាក់ឱ្យឃើញថា ទុនបង្វិលនៅតែជាតម្រូវការចម្បងសម្រាប់អាជីវកម្ម ជាពិសេសសម្រាប់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមផងដែរ។
សាជីវកម្មឥណទានកម្ពុជា នៅតែបន្តជំរុញការអភិវឌ្ឍរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលក្នុងនោះទំហំកម្ចីដែលមានការធានាឥណទានជិត៥៥% មានទំហំតូចជាង ឬស្មើ ៥ម៉ឺនដុល្លារ ដែលនេះជាទំហំកម្ចីសមស្របមួយសម្រាប់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ក្នុងការប្រើប្រាស់ជាទុនបង្វិលទាំងរយ:ពេលវែង និងរយ:ពេលខ្លី ក្នុងអាជីវកម្មរបស់ពួកគាត់។ លើសពីនោះ ក្នុងចំណោមកម្ចីអាជីវកម្មដែលមានការធានាទាំងអស់ប្រមាណ៦៣% ជាកម្ចីដែលគ្មានទ្រព្យធានា។
បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា មានគម្រោងធានាឥណទានសំខាន់ៗចំនួន៣ ដោយគម្រោងទាំងបីនេះ មានការធានាឥណទានក្នុងទំហំទឹកប្រាក់រហូតដល់ ២៨០លានដុល្លារ ដោយក្នុងនោះរួមមានគម្រោងធានាឥណទានសម្រាប់ស្ដារអាជីវកម្ម, គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន សម្រាប់វិស័យទេសចរណ៍ និងគម្រោងធានាឥណទាន សម្រាប់សហគ្រិនស្រ្តី៕