តាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា អ្នកល្មើសគ្រឿងញៀនមានជនជាតិផ្សេងៗដូចជា៖ជនជាតិខ្មែរចំនួន៨.៣៦៩នាក់, ជនជាតិវៀតណាម៩៦នាក់, ជនជាតិឡាវ២នាក់, ថៃ៣នាក់, ចិន១៣នាក់, ភូមា០១ម្នាក់, ឥណ្ឌូនេស៊ី០១នាក់, សាំងហ្គាពួរ០១នាក់, ជប៉ុន១នាក់ និងនីហ្សេរីយ៉ា១ម្នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទឧក្រិដ្ឋឆ្លងដែន ដែលពិភពលោកទាំងមូលកំពុងប្រឈមមុខយ៉ាងស្រួចស្រាវ ដូច្នេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ដើម្បីលុបបំបាត់គ្រឿងញៀន។
ឯកឧត្តមអគ្គស្នងការរង បន្តទៀតថា យុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀន គឺជាចលនាជាតិមួយដែលមានការចូលរួមពីគ្រប់ភាគី និងជាពិសេសប្រជាពលនៅក្នុងសហគមន៍ ពេលដឹងថាកូនចៅមានជក់គ្រឿងញៀនត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមជម្រាបថា នៅឆ្នាំ២០១៩ ការបង្រ្កាប់គ្រឿងញៀនទូទាំងប្រទេសកម្ពុជា បានចំនួនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យបានជាង ២ម៉ឺននាក់ ក្នុងនោះមានជនបរទេស ៤៤៧នាក់ ស្មើ១៥ជនជាតិ រឹបអូសគ្រឿញៀនបានជាង ៧៥០គីឡូក្រោម គឺកើនឡើងជិត៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨៕