រដ្ឋប្រមូលពន្ធបានជិត ១៥លានដុល្លារពីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក

កម្ពុជារកចំណូលពន្ធពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជិត១៥លានដុល្លារ នៅត្រឹម២ខែឆ្នាំនេះ


នៅដើមឆ្នាំ២០២៣នេះ ការប្រមូលចំណូលពន្ធដារ នៅតែបង្ហាញពីសម្ទុះកំណើនល្អប្រសើរ។ តួយ៉ាង ទោះបីជាយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា នារយៈពេល២ខែដើមឆ្នាំ២០២៣នេះកម្ពុជាទទួលបានចំណូលពន្ធដារសរុបជិត ៥៤០លានដុល្លារ កើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ ការប្រមូលចំណូលពន្ធពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាប្រភពចំណូលថ្មីមួយសម្រាប់កម្ពុជានោះ គឺមានដល់ទៅជិត ១៥លានដុល្លារ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឃើញថា ដ្បិតការប្រមូលអាករលើតម្លៃបន្ថែមពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទើបចាប់ចាប់ផ្តើមអនុវត្ត នាអំឡុងខែមេសា ឆ្នាំ២០២២ និងបានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា ក៏ពិតមែន ប៉ុន្ដែវាបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យពន្ធដារកម្ពុជា។ ជាក់ស្ដែង ត្រឹមរយៈពេល២ខែដើមឆ្នាំ២០២៣នេះ ប៉ុណ្ណោះ កម្ពុជាទទួលបានចំណូលពន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតជិត ១៥លានដុល្លារ។ បើតាមឯកឧត្តម គង់ វិបុល សម្រាប់រយៈពេល២ខែដើមឆ្នាំ២០២៣នេះ ចំណូលពីប្រភេទពន្ធសំខាន់បានរក្សាកំណើនធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ពន្ធលើប្រាក់ចំណូលកើនជិត ១៥% អាករលើតម្លៃបន្ថែមកើនជិត ៩% និងពន្ធលើប្រាក់បៀវត្សកើន ១១%។

យ៉ាងណាក៏ដោយ ឯកឧត្តម គង់ វិបុល ក៏បានបញ្ជាក់ដែរថា តាមរយៈវិធានការចុះអង្កេតសហគ្រាស មន្រ្តីជំនាញបានរកឃើញអាជីវកម្មជាច្រើន ក្នុងនោះមានក្លឹបកម្សាន្តធំៗ មួយចំនួនមិនទាន់បានចុះបញ្ជីពន្ធដារ ឬចុះបញ្ជីមិនបានត្រឹមត្រូវតាមកម្រិតផលរបរនោះទេ។ ដូច្នេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដាររូបនេះ ក៏បានក្រើនរំលឹកជាថ្មីម្ដងទៀតឲ្យម្ចាស់អាជីវកម្ម ដែលមិនទាន់បានចុះបញ្ជីពន្ធដារ ត្រូវតែបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នព័ត៌មានសហគ្រាសឲ្យបានត្រឹមត្រូវ បើពុំដូចនោះទេអាចនឹងត្រូវផាកពិន័យទោសទណ្ឌនានា។

សូមបញ្ជាក់ថា ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅតែរក្សាបានកំណើនជាវិជ្ជមានគួរឲ្យកត់សម្គាល់ នារយៈពេលចុងក្រោយនេះ។ ជាក់ស្ដែង នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសរុបជិត ៥៤០លានដុល្លារ កើនឡើងជាង ៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ហើយស្មើនឹងជាង ១៥% នៃផែនការច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕




អត្ថបទបន្ទាប់


បុរីវិមានភ្នំពេញចាប់ដៃជាមួយ Bred Bank ដើម្បីជំរុញទីផ្សារលក់ និងផ្តល់ឥណទានរហូតដល់២០ឆ្នាំ

ថ្នាក់ដឹកនាំបុរីវិមានភ្នំពេញរំពឹងថា ការលក់លក់លំនៅឋានក្នុងគម្រោងបុរីវិមានភ្នំពេញនឹងកាន់តែមានភាពទាក់ទាញ និងល្អប្រសើរបន្ថែមទៀត ក្រោយក្រុម…

ហេតុអ្វីកម្ពុជាត្រូវជំរុញការតភ្ជាប់មធ្យោបាយដឹកជញ្ជូនរវាងកម្ពុជា និងផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិនឲ្យបានឆាប់?

កម្ពុជា និងភាគីឡាវបាននិងកំពុងស្វែងរកវិធីសាស្ត្ររួមគ្នា ក្នុងការធ្វើយ៉ាងណាតភ្ជាប់ការធ្វើដំណើរទាំងផ្នែកទេសចរណ៍ និងការដឹកជញ្ជូនទំនិញរវាងកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ