ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងសិកម្មកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាកំពុងបង្កើនការវិនិយោគលើដំណាំចេកបន្ថែម ដើម្បីគាំទ្រដល់គម្រោងផែនការនាំផ្លែចេកពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិដែលគិតថា នឹងអាចសម្រេចឲ្យបានចាប់ពីឆ្នាំ២០២០ តទៅកម្ពុជា រំពឹងនាំផ្លែចេកស្រស់ក្នុងរង្វង់ចន្លោះពីកន្លះលានតោន ទៅ១លានតោន។
ឯកឧត្តម វេង សាខុនបានគូសបញ្ជាក់ទៀតថា ការពង្រីកការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាសម្រាប់គាំទ្រដល់ការនាំចេញនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយដ៏មុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាកម្មឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ នឹងកែច្នៃ វិចខ្ចប់ នាំចេញនូវផលិតកសិកម្មឲ្យបានប្រមាណ ១២ភាគរយ នៃផលិតផលជាតិសរុបរបស់កម្ពុជា។
យោងតាមរបាយការណ៍ក្រសួងកសិកម្មទីផ្សារគោលដៅកន្លងមកដែលកម្ពុជាបាននាំចេញផ្លែចេកនោះ គឺមានប្រទេសចិន និងក្រៅពីនោះមានវៀតណាម និងជប៉ុន សរុបបរិមាណនាំចេញបានជាង ១ម៉ឺនតោនសម្រាប់ឆ្នាំ២០១៨។
គួរបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៩ ប៉ុណ្ណោះ ទទួលបានសិទ្ធិនាំចេញផ្លែចេកជាផ្លូវការពីអាជ្ញាធរចិន ដោយបានធ្វើការវិនិយោគលើដំណាំចេកនេះ រាប់ម៉ឺនហិកតាស្ថិតនៅក្នុងខេត្តកំពត មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង និងរតនៈគីរី៕