ការនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងទៅកាន់ទីផ្សារចិននេះ គឺធ្វើឡើងក្រោយពីពិធីសាររវាងក្រសួងកសិកម្មកម្ពុជា និងអគ្គរដ្ឋបាលគយចិន ត្រូវបានចុះហត្ថលេខារួមគ្នាកាលពីខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តម វេង សាខុន រដ្ឋមន្រី្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន គូសបញ្ជាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា ផ្អែកតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុន ហ៊ុនទី នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ លទ្ធផលនៃការនាំចេញស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនសម្រាប់ថ្ងៃដំបូង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចំនួន ១ កុងទ័រនឺ ស្មើនឹងជិត៣០ តោន ហើយសង្ឃឹមថា ផ្លែស្វាយបានទៅដល់ប្រទេសចិន នាថ្ងៃទី៤ ខែធ្នូនេះដែរ។
ឯកឧត្តមបានបន្តទៀតថា ការដឹកជញ្ជូនស្វាយស្រស់សម្រាប់ កុងទ័រនឺទី២ បានចេញដំណើរនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ មានចំនួនជិត ២៩តោន ដែលរំពឹងថា នឹងអាចទៅដល់ប្រទេសចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ខណៈកុងទ័រនឺ ទី៣ ក៏បានចេញដំណើរ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះដែរ ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន ហ៊ុន ទី ដែលបានប្រាប់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម គឺការរៀបចំកិច្ចដំណើរការ ប្រមូលផលស្វាយ ការរៀបចំលាងសំអាត ការបែងចែកចំណាត់ថ្នាក់ស្វាយ ការសម្លាប់សមាសភាពចង្រៃ ការវេចខ្ចប់ ការរៀបចំទុកដាក់បញ្ចូលទៅក្នុង កុងទ័រនឺ និងការដឹកជញ្ជូនទៅកាន់ប្រទេសចិន ពុំជួបបញ្ហាប្រឈមណាមួយនោះទេ ពោលគឺប្រព្រឹត្តទៅតាមផែនការដែលបានកំណត់យ៉ាងរលូន។
បន្ថែមលើសពីនេះ ក្រុមហ៊ុនហ៊ុន ទី ក៏មានគម្រោងនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនឲ្យបានពី ៥០ ទៅ ៣០០ កុងទ័រនឺ ដែលមានចំនួនស្មើនឹង១ពាន់ ៥០០ តោន ទៅ ៨ពាន់ ៤០០ តោន ក្នុងមួយថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មកសិកម្ម ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ថ្មី ត្រូវបានកសាងហើយរួចរាល់ នាពេលខាងមុខ។
យ៉ាងណាបើតាមស្ថានទូតចិនប្រចាំប្រទេសកម្ពុជាធ្លាប់បានលើកឡើងកាលពីខែមិថុនាកន្លងទៅ បានឲ្យដឹងថា យ៉ាងហោចណាស់ កម្ពុជាអាចនឹងនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិន ប្រមាណ ៥០ម៉ឺនតោនជារៀងរាល់ឆ្នាំ ក្រោយពីមានពិធីសារផ្លូវការសម្រាប់បើកផ្លូវដល់ការនាំចេញនេះ។
ក្រោយពីមានពិធីសារនាំចេញផ្លែស្វាយត្រូវបានចុះហត្ថលេខារួចមក អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ចំនួន៤៨ក្រុមហ៊ុនដែលជាម្ចាស់ចម្ការ ឬសហគមន៍កសិកម្ម។
របាយការណ៍ពីក្រសួងកសិកម្មបានបង្ហាញថា នៅរយៈពេល១១ ខែឆ្នាំ ២០២០នេះ ផ្លែស្វាយស្រស់ចំនួនជាង ៩ម៉ឺន តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលមានកំណើន ជាង ៨៣ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕