ការកើនឡើងនៃការនាំចេញអង្កររបស់កម្ពុជា ត្រូវបានគេមើលឃើញថា គឺធ្វើឡើងស្របគ្នាទៅនឹងនិន្នាការស្បៀងអាហារពិភពលោកកំពុងមានការកើនឡើង នៅអំឡុងពេលមានបញ្ហារីករាលដាលនៃមេរោគកូវីដ-១៩។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា បរិមាណអង្ករដែលបាននាំចេញរយៈពេល ៤ខែមកនេះ គឺមានជាង៤៨% នៃការនាំចេញសរុបកាលពីឆ្នាំ២០១៩។ ប្រទេសចិន នៅតែឈរជាទីផ្សារនាំមុខគេ សម្រាប់ការនាំចេញអង្ករររបស់កម្ពុជា ដោយ៤ខែមកនេះ ចិនបានទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន ស្មើនឹង ៤១% នៃបរិមាណអង្ករនាំចេញសរុប ខណៈដែលសហគមន៍អឺរ៉ុប និងប្រទេសអង់គ្លេសមានចំណែកទីផ្សារ ៣២% ស្មើនឹងបិរមាណអង្ករជាង៩ម៉ឺន ៧ពាន់តោន។ រីឯ ប្រទេសនៅក្នុងតំបន់អាស៊ាន មានចំណែកទីផ្សារ ១៣% ស្មើនឹងបរិមាណអង្ករ ជាង ៣ម៉ឺន ៧ពាន់តោន និងបណ្ដាប្រទេសផ្សេងៗទៀត មានចំណែកទីផ្សារ ១៤% ស្មើនឹងបរិមាណអង្ករ ៤ម៉ឺន ៣ពាន់តោន។
សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា បើទោះបីជានៅខែមេសាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការការនាំចេញអង្ករស មួយរយៈខ្លីដើម្បីធានាសន្ដិសុខស្បៀងអាហារសម្រាប់ប្រជាជននៅអំឡុងពេលមានបញ្ហាកូវីដ-១៩ ក៏ដោយ ក៏ការនាំចេញអង្ករក្រអូបរបស់កម្ពុជា នៅតែសម្រេចបានជាង ៦ម៉ឺន ៩ពាន់តោន ដែលផ្ដល់នូវតម្លៃបន្ថែមមួយយ៉ាងខ្ពស់សម្រាប់អាជីវករ និងអ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករ។
សូមបញ្ជាក់ថា បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានបង្ហាញពីក្ដីរំពឹងខ្ពស់ចំពោះការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២០នេះ ថា អាចនឹងមានការកើនឡើងដល់ ៨០ម៉ឺនតោន ខណៈកាលពីឆ្នាំ២០១៩ សម្រេចបានតែប្រមាណ ៦២ម៉ឺនតោនប៉ុណ្ណោះ។ ការរំពឹងខ្ពស់បែបនេះ គឺដោយសារតែសហព័ន្ធមើលឃើញអំពីនិន្នាការនៃតម្រូវការស្បៀងអាហារ ពិសេសអង្ករកំពុងមានការកើនឡើងខ្លាំង ចំពេលដែលពិភពលោកកំពុងតែជួបបញ្ហាលុកលុយដោយសារមេរោគកូវីដ-១៩៕