សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្រិតទឹកទន្លេមេគង្គនៅក្នុងឆ្នាំនេះ ឡើងមិនដល់កម្រិតដែលយើងចង់បាន និងបន្តធ្លាក់ចុះទាបទៅៗ ដែលធ្វើឲ្យ ការផលិតអគ្គីសនី ដោយថាមពលទឹកអាចជួបនឹងបញ្ហា។
បើតាមការបញ្ជាក់ពី ក្រសួងរ៉ែ និងថាមពល គឺថា ការផលិតថាមពលអគ្គីសនី ដើរដោយកម្លាំងទឹក ដែលមានកម្លាំងប្រមាណជាង ១.៣០០ មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម ១៨៤ ទៅ ១៨៧ មេហ្គាវ៉ាត់តែប៉ុណ្ណោះ ដែលការធ្លាក់ចុះនេះ មិនទាន់ដល់ខែប្រាំងផង ដូច្នេះគឺ យើងអាចត្រូវប្រឈមនឹង បញ្ហាក្នុងការផលិតអគ្គិសនី។
ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញម៉ាស៊ីនផលិតថាមពលអគ្គិសនីចំនួន ២ ដែលមានអនុភាពផលិតកម្លាំង ៤០០មេហ្គាវ៉ាត់ ដែលរំពឹងនឹងរៀបចំដំឡើងរួចរាល់ នៅខែមេសា ឬខែឧសភា ឆ្នាំ ២០២០ខាងមុខ ដែលត្រូវចំណាយថវិកាប្រមាណជិត ៤០០លានដុល្លាអាមេរិក ដោយក្នុងនោះ ម៉ាស៊ីនអគ្គីសនី ២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេសអាល្លឺម៉ង់ និង ម៉ាស៊ីនអគ្គិសនី ២០០ មេហ្គាវ៉ាត់មួយទៀត ទិញមកពីប្រទេសហ្វាំងឡង់។
សម្តេចតេជោ បន្តថា ក្រោយការដាក់ឲ្យដំណើរការម៉ាស៊ីន ២នេះ រាជធានីភ្នំពេញ នឹងលែងជួបប្រទះនឹងកង្វះខាតថាមពលទៀតហើយ ហើយវាមានស្ថិរភាពជាងការពឹងផ្អែកលើ កត្តាធម្មជាតិ។
យ៉ាងណាមិញ សម្តេចតេជោ ក៏បានជំរុញឲ្យ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពល បង្កើនចំនួនកម្មករធ្វើការងារ ដើម្បីឈានឲ្យ គម្រោងនេះ អាចដំណើរការបានលឿនជាងការគ្រោងទុក។
ក្រៅពីនេះ កម្ពុជា ក៏បានបញ្ហាទិញថាមពលអគ្គិសនីប្រមាណ ២០០មេហ្គាវ៉ាត់ ពីប្រទេសឡាវ ដើម្បីសម្រួលដល់បញ្ហានេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ អាជីករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារទាំងឡាយ សូមប្រើប្រាស់ម៉ាស៊ីនអគ្គិសនីផ្ទាល់ខ្លួន បណ្តោះអាសន្នសិន ក្នុងករណីមានបញ្ហាអគ្គិសនី ទម្រាំដល់ពេល រាជរដ្ឋាភិបាលរៀបចំរួចរាល់៕