ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនៅរាជធានីភ្នំពេញពីសំណាក់ក្រុមហ៊ុន YCH របស់សិង្ហបុរី ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរាំងស្ទះ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការខកខានដល់សកម្មភាពមួយចំនួន។ បើទោះបីជា មិនអាចបញ្ជូនក្រុមជំនាញមកសិក្សាផ្ទាល់ តែក្រុមហ៊ុនបាននិងកំពុងប្រើប្រាស់វិធីសាស្ត្រសិក្សាលើគម្រោងនេះជាបណ្តើរៗហើយដែរ តាមរយៈប្រព័ន្ធអនឡាញ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន YCH របស់សិង្ហបុរីនេះ នឹងបញ្ជូនក្រុមការងារជំនាញរបស់ខ្លួនឲ្យមកសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មនេះដោយផ្ទាល់ ក្រោយស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយ។ តែយ៉ាងណា ឯកឧត្តម រំពឹងថា គម្រោងនេះនឹងបញ្ចប់ការសិក្សាក្នុងរយៈពេល៩ខែតាមការគ្រោងទុក មុនឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ការសិក្សា និងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២។
ឯកឧត្តម ឈៀង ពេជ្រ បានរៀបរាប់ពីអត្ថប្រយោជន៍ នៃការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះថា មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងបែងចែង និងចែកចាយទំនិញនៅកម្ពុជា ដ្បិតរាជធានីភ្នំពេញជាចំណុចប្រសព្វ ដែលអាចបង្កលក្ខណៈងាយស្រួលដល់ដឹកទំនិញពីភ្នំពេញទៅបណ្តាខេត្តផ្សេងៗ។ លើសពីនេះវានឹងជួយរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ និងកាត់បន្ថយគ្រោះថ្នាក់ និងកកស្ទះចរាចរណ៍ផងដែរ។
ជាមួយគ្នានេះដែឬ ឧកញ៉ា ស៊ិន
ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មនេះ
មិនត្រឹមតែជាមជ្ឈមណ្ឌលបែងចែង និងចែកចាយទំនិញ ប៉ុណ្ណោះទេ
តែវាជាកន្លែងប្រមូលផ្តុំដោយស្ថាប័នធំៗដូចជាគយ កន្លែងត្រួតពិនិត្យទំនិញ
និងស្ថាប័នផ្តល់សេវាកម្មផ្សេងៗ
ដែលអាចជួយសម្រួលឲ្យការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។
បើតាមឯកឧត្តម ឈៀង ពេជ្រ មុនសម្រេចជ្រើសរើសឲ្យក្រុមហ៊ុន YCH របស់សិង្ហបុរីសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ កម្ពុជាបានពឹងឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB សិក្សាម្តងរួចមកហើយ។ ក្រោយការសិក្សា ADB អះអាងថា គម្រោងនេះអាចប្រព្រឹត្តទៅបាន ហើយថែមទាំងអាចផ្តល់ប្រាក់ចំណេញដល់ក្រុមហ៊ុនវិនិយោគលើគម្រោងនេះទៀតផង៕