លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM ដែលជាសហគ្រាសផលិតឱសថដ៏ធំជាងគេនៅកម្ពុជា និង ភាគច្រើនផលិតឱសថនាំចេញទៅក្រៅប្រទេស បានគូសបញ្ជាក់ថា នៅកម្ពុជាក្នុងរយៈពេលខ្លីនេះមិនទាន់រងឥទ្ធិពលខ្លាំងក្លាពីជំងឺកូវីដ ១៩ នៅឡើយទេ ដោយវិស័យផលិតឱសថនេះអាចរាប់រងបានរហូតដល់ខែមិថុនា ប៉ុន្តែបើលើសពីនេះអាចនឹងជួបវិបត្តិធ្ងន់ធ្ងរឬយ៉ាងណានោះគឺមិនអាចធ្វើការប៉ាន់ស្មានបានឡើយសម្រាប់ពេលនេះ។
លោក ឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់បន្ថែមថា នៅពេលដែលមានការរាតត្បាតនៃមេរោគកូវីដ ១៩នេះ ប្រាកដណាស់វាបានធ្វើឲ្យមានបញ្ហាប្រឈមសម្រាប់ផលិតកម្មផលិតឱសថនៅកម្ពុជា ប៉ុន្តែយ៉ាងណាវាក៏អាចចាត់ទុកថាជាឱកាសមួយដែលធ្វើឲ្យអ្នកផលិតបង្កើនការផលិតច្រើនជាមុនទ្វេរដងស្របតាមតម្រូវការទីផ្សារកើនឡើង។
លោក ឱសថបណ្ឌិតបន្តថា ផលិតផលថ្នាំពេទ្យពិតជាផលិតផលសំខាន់នឹងចាំបាច់ទី២ បន្ទាប់ពីចំណីអាហារ ដូច្នេះវត្ថុធាតុដើមផលិតគឺត្រូវតែមានជាប្រចាំសម្រាប់ការផលិត។
លោក បន្ថែមថា សហគ្រាសPPM អាចបន្តការផលិតរហូតមកដល់ពេលនេះបានដោយសារនៅមានវត្ថុធាតុដើមសល់ពីបម្រុងទុកពីមុន ប៉ុន្តែបើកូវីដ ១៩ នៅបន្តអូសបន្លាយរយៈពេលយូរលើស ចាប់ពីខែកក្កដាឡើងទៅគឺសហគ្រាសលោកមិនអាចធានារក្សាការផលិតច្រើនបាននោះដែរ ព្រោះជំងឺកូវីដ ១៩ នេះ តែងតែបង្ករបញ្ហាច្រើនដែលមិនអាចព្យាករទុកមុនបានឡើយ។
លោក ឱសថបណ្ឌិត ហៃ លីអ៊ាង បន្ថែមថា ស្របពេលដែលកម្ពុជាកំពុងមានតម្រូវការផលិតអាកុលច្រើនសហគ្រាសផលិតរបស់លោកក៏បានជំរុញបង្កើនការផលិតអាលកុលបន្ថែមជាច្រើនក្នុងគោលដៅបំពេញតម្រូវការ ក៏ដូចជាជួយទិញកសិផលពីប្រជាកសិករដែលផលិតបានមួយចំណែកធំផងដែរ។
ផលិតកម្មផលិតឱសថរបស់ ក្រុមហ៊ុន PPM មានកំណើនជារៀងរាល់ឆ្នាំ ហើយតម្រូវទីផ្សារនាំចេញក៏បានកើនឡើងទៅតាមនោះដែរ ដោយបាននាំចេញទៅកាន់ប្រទេសជាង២០។ជាទូទៅ ក្រុមហ៊ុនផលិតឱសថ PPM តែងតែពង្រីកខ្សែសង្វាក់ផលិតកម្មផលិតជារៀងរាល់ឆ្នាំ តែលទ្ធភាពនៃការពង្រីក ធៀបនឹងអ្នកនាំចូលគឺនៅតូចជាងគេខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនផលិតឱសថ PPM បាននិងកំពុងផលិតឱសថជាង ២០០មុខ សម្រាប់ទីផ្សារក្នុងស្រុក និង មានផលិតផលនាំចេញជាង ៥០មុខផង សម្រាប់ប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដូចជាទីផ្សារអាហ្វ្រិក ឡាវ មីយ៉ាន់ម៉ា នឹងរំពឹងឈានជើងចូលទីផ្សារបារាំង អាមេរិក និងជប៉ុន ផងដែរ៕