កម្ពុជាគ្រោងចំណាយ ៤៦៥លានដុល្លារ សម្រាប់ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ

កម្ពុជាគ្រោងចំណាយ ៤៦៥លានដុល្លារ សម្រាប់ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅឆ្នាំ២០២៣


អស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារកូវីដ១៩ និងគ្រោះទឹកជំនន់សរុបប្រមាណជាង ៧០ម៉ឺនគ្រួសារ ដែលស្មើនឹង ២,៧លាននាក់ នៅទូទាំងប្រទេស។ ដ្បិតថា ឥទ្ធិពលនៃជំងឺកូវីដ-១៩ បានថមថយ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា បញ្ហាដែលកើតឡើងដោយសារសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន នៅតែជិះឥទ្ធិពលអវិជ្ជមានមកលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
កម្ពុជាគ្រោងចំណាយ ៤៦៥លានដុល្លារ សម្រាប់ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅឆ្នាំ២០២៣

ការណ៍នេះ ទើបរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣នេះ គ្រោងចំណាយថវិកាជាតិចំនួន ៤៦៥លានដុល្លារបន្ថែមទៀត ដើម្បីជួយសម្រួលជីវភាពគ្រួសារងាយរងហានិភ័យ នៅអំឡុងមានសម្ពាធអតិផរណា ក៏ដូចជា រងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន។

ថ្លែងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងកម្មវិធីបើក«សប្តាហ៍គាំពារសង្គមឆ្នាំ២០២៣» ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពាសង្គម បានគូសបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រងសភាពការណ៍ទល់នឹងវិបត្តិនានា បានយ៉ាងល្អប្រសើរ និងបានកាត់បន្ថយផលប៉ះពាល់អវិជ្ជមានឱ្យនៅក្នុងកម្រិតអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ទាំងក្នុងផ្នែកបច្ចេកទេស និង ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ ៥,២% ដែលជាកំណើនមួយខ្ពស់ បើធៀបនឹងកំណើនមធ្យមក្នុងតំបន់ និងត្រូវបានព្យាករថា នឹងសម្រេចបានកំណើនប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣ ដែលនិន្នាការនេះ បង្ហាញថា កម្ពុជាបាននិងកំពុងបោះជំហានទៅរកស្ថានភាពល្អប្រសើរ ដូចពេលមុន វិបត្តិនៃជំងឺកូវីដ-១៩ ទោះបីជា ស្ថានភាពសេដ្ឋកិច្ចសកល នៅមានភាពស្រពិចស្រពិល ដោយសារការបន្តអូសបន្លាយនៃវិបត្តិនៅលើឆាកអន្តរជាតិ ក៏ដោយ។

ដ្បិតថា ឥទ្ធិពលនៃជំងឺកូវីដ-១៩ បានថមថយក្ដី ប៉ុន្ដែឥទ្ធិពលនៃសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន នៅតែប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ស្ថិតក្នុងបរិការណ៍នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២៣ទៀត ដើម្បីបន្តជួយគាំទ្រគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងដំណាក់កាលនៃការស្តារជីវភាពឡើងវិញ។ កម្មវិធីនេះ ត្រូវបានអនុវត្តអស់ ៣១ខែ រួចមកហើយ និង បានផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណជាង ៧០ម៉ឺនគ្រួសារ ដែលមាន ប្រមាណ ២,៧លាននាក់ នៅទូទាំងប្រទេស ដោយបានប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ៩៣២ លានដុល្លារ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានអះអាងទៀតថា សម្រាប់ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងប្រព័ន្ធការពារសង្គមឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត ខណៈនៅឆ្នាំ២០២៣នេះ រដ្ឋគ្រោងចំណាយថវិកាចំនួន ៤៦៥លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានគូសបញ្ជាក់ថា ថវិកាដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយចំនួន ៤៦៥លានដុល្លារ នៅឆ្នាំ២០២៣នេះ គឺសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ (ក្រ១ ក្រ២) និងគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។ បើតាម ឯកឧត្តម មាស សុខសេនសាន ក្នុងចំណោមថវិកា ៤៦៥លានដុល្លារ រាជរដ្ឋាភិបាលបានបែងចែកជា២ ដោយថវិកាចំនួន ៤០០លានដុល្លារ សម្រាប់គ្រួសារងាយរងហានិភ័យ អំឡុងមានសម្ពាធពីអតិផរណា និងថវិកាចំនួន ៦៥លានដុល្លារ សម្រាប់គ្រួសារងាយរងហានិភ័យក្រីក្រ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ៕




អត្ថបទបន្ទាប់


គាំទ្រអ្នកបង្កើតមាតិកាជាមួយនឹងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធអនុវត្តគណនី

TikTok គឺជាភ្លែតហ្វមកម្សាន្តមួយដែលប្រមូលផ្តុំដោយសកម្មភាពច្នៃប្រឌិត និងការបង្ហាញអារម្មណ៍ និងសកម្មភាពផ្ទាល់ខ្លួនពីសំណាក់អ្នកបង្កើតមាតិកា។ គោលក…

ផ្លូវជាតិលេខ២ និងលេខ២២នឹងបញ្ចប់ការសាងសង់ត្រឹមដំណាច់ខែមីនា ខណៈបច្ចុប្បន្នសម្រេចបានជាង៩០%

បើគ្មានការរាំងស្ទះណាមួយកើតឡើងនោះទេការស្ថាបនាផ្លូវជាតិលេខ២និងលេខ២២ នឹងបញ្ចប់នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈបច្ចុប្បន្នការសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ