បើតាមស្ថានទូតចិនប្រចាំកម្ពុជា គម្រោងវិនិយោគសំខាន់ៗ ដែលនៅតែដំណើរការទៅមុខយ៉ាងរលូនរួមមាន ស្ថានីយអគ្គិសនី Huadian ខេត្តព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុដែលបានសម្រេចការសាងសង់ ៣៩%។ រីឯចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានចំនួនកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ ក៏នៅមាន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ក៏បានចាប់ផ្តើមសាងសង់អគារទទួលអ្នកដំណើរ និងទីតំបន់សម្រាប់ការហោះហើរផងដែរ។ លើសពីនេះ នាពេលកន្លងទៅ ក៏មានក្រុមហ៊ុនចិនធំមួយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយវារីអគ្គិសនីស្ទឹងតាតៃលើ។
របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២០ និងទស្សនវិស័យឆ្នាំ ២០២១របស់ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា បើទោះបីជា លំហូរចូលនៃវិនិយោគផ្ទាល់បរទេស និងការបង្វែរចំណូលពីក្រៅប្រទេស មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក៏ពិតមែន តែការវិនិយោគផ្ទាល់ពីប្រទេសចិននៅតែបន្ដកើនឡើង។