
បុរសជនជាតិខ្មែរ ដែលឆ្លងកូវីដ១៩ រូបនេះ មានទីលំនៅ នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយបុរសរូបនេះបានធ្វើដំណើរចេញពីប្រទេសហ្វ៊ីលីពីន ប្ដូរជើងយន្តហោះនៅកូរ៉េខាងត្បូង រួចហើយ ចូលមកដល់កម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២២យប់។
អ្នកដំណើរដែលជិះនៅលើជើងហោះហើរជាមួយគ្នានឹងបុរសខ្មែរដែលឆ្លងកូវីដ១៩ មានសរុប ៦២នាក់ផ្សេងទៀត។ បច្ចុប្បន្ន បុរសជនជាតិខ្មែរដែលឆ្លងកូវីដ១៩ កំពុងដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៊ី) នៅរាជធានីភ្នំពេញ។
ដោយឡែក អ្នកដំណើរ ៦២នាក់ផ្សេងទៀត ដែលរួមមានជនជាតិបរទេស ២៩នាក់ កំពុងដាក់ឲ្យនៅដាច់ដោយឡែក នៅក្នុងសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព តាមវិធានការសុខាភិបាលជាចាំបាច់។
គួរបញ្ជាក់ថា គិតមកទល់នឹងថ្ងៃនេះ កម្ពុជាមានករណីឆ្លងកូវីដ១៩ សរុប ចំនួន ១២៣ករណី ដោយ ១២២ករណីមុននេះ បានជាសះស្បើយអស់ហើយ៕