អ្នកជំនាញ និងអ្នកជំនួញកសិកម្មកម្ពុជា បានមើលឃើញថា បើសិនជាមានការអនុវត្តនូវការកំណត់ពន្ធនេះកើតឡើងមែន នោះអ្នកប៉ះពាល់ធំបំផុត គឺម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករទៅអឺរ៉ុប ដែលអាចបាត់បង់តម្លៃបន្ថែមពីការនាំចេញ។
តាមប្រភពព័ត៌មានរបស់អ៊ីតាលី NaaJu ដែលបានស្រង់ខ្លឹមសារពីសេចក្ដីប្រកាសរបស់គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា ការសម្រេចអាចនឹងតម្រូវឲ្យកម្ពុជា និងភូមាបង់ពន្ធនាំចូលអង្ករនេះ ក្រោមហេតុផលទាមទារពីប្រទេស អ៊ីតាលី ដោយមានការគាំទ្រពីប្រទេសចំនួន ៧ ផ្សេងទៀត រួមមានបារាំង អេស្ប៉ាញ ក្រិច ព័រទុយហ្គាល់ ហាំងហ្គារី រ៉ូមីនៀ និងប៊ុលការី។ ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងនេះ បានចាត់ទុកថា បរិមាណអង្ករនាំចូលពីកម្ពុជា និងភូមាដ៏ច្រើន បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍អ្នកផលិតអង្ករដូចគ្នានេះនៅអឺរ៉ុប។
សារព័ត៌មានអ៊ីតាលីដដែលនេះ បានឲ្យដឹងទៀតថា សេចក្ដីវាយតម្លៃសម្រេចលទ្ធផលយ៉ាងណានោះ គឺនឹងត្រូវបានបង្ហាញទៅកាន់ក្រុមការងារប្រឹក្សា នៅពាក់កណ្ដាលខែ វិច្ឆិការនេះ ដើម្បីបោះឆ្នោតសម្រេចចុងក្រោយពីសំណាក់ប្រទេសទាំង ២៨ ដែលជាសមាជិករបស់សហភាពអឺរ៉ុប។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករដ៏ធំនៅកម្ពុជា Amru Rice បានលើកថា លោកមិនទាន់អាចបកស្រាយចំពោះបញ្ហាកំណត់ពន្ធអង្ករនាំចូលទៅសហភាពអឺរ៉ុប ពីគណៈកម្មការអឺរ៉ុបនេះ បាននៅឡើយទេ ព្រោះថា នេះជារឿងធំ ដល់ថ្នាក់ជាតិ ហើយលោក បង្ហើបថា រដ្ឋាភិបាលអាចនឹងមាន ការបើកកិច្ចប្រជុំដោះស្រាយ នាពេលឆាប់ៗនេះ ដើម្បីធ្វើការបកស្រាយ ក៏ដូចជា ផ្សព្វផ្សាយដល់ អ្នកសារព័ត៌មានបន្ថែមទៀត។
ទោះយ៉ាងណា កាលពីថ្ងៃទី៦ វិច្ឆិកានេះ លោកឧកញ៉ា សុង សារ៉ន បាន Post នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយមានយោងចំណងជើងរបស់សេចក្ដីប្រកាសគណៈកម្មការអឺរ៉ុប ជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «ប្រទេសអ៊ីតាលី និងអេស្បាញនឹងសម្លាប់កសិករកម្ពុជា និងមីយ៉ាន់ម៉ា ហើយប្រយោជន៍ភាគច្រើននឹងបានទៅលើប្រទេសឥណ្ឌា និងថៃ និងក្រុមហ៊ុនអឺរ៉ុបមួយចំនួន។ ក្រុមហ៊ុនអឺរ៉ុបទាំងនោះនឹងនាំចូលអង្ករបន្ថែមទៀតពីប្រទេសទាំងនោះ ...»។
ជុំវិញនឹងបញ្ហានេះដែរ លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា មកទល់ពេលនេះ (ថ្ងៃទី៧ វិច្ឆិកា) ខាងសហព័ន្ធមិនទាន់ទទួលបានព័ត៌មានដែលថា អឺរ៉ុបនឹងកំណត់យកពន្ធនាំចូលអង្ករពីកម្ពុជានោះទេ។ ប៉ុន្ដែលោកឧកញ៉ា បានបញ្ជាក់ថា នេះគ្រាន់តែជាការព្រួយបារម្ភពីសំណាក់អ្នកនាំចេញអង្ករ ដែលកំពុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បណ្ដាសារព័ត៌មានប៉ុណ្ណោះ។
ដ្បិតតែយ៉ាងនេះក្ដី លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចកសិកម្ម បានលើកឡើងថា នៅពេលមានការកំណត់ពន្ធនាំចូលអង្ករ ពីសំណាក់គណៈកម្មការអឺរ៉ុបមែន អ្នកដែលត្រូវរងការខាតបង់ធំ គឺជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករទៅអឺរ៉ុប ពោលគឺ ពួកគេអាចនឹងត្រូវខាតបង់លើតម្លៃបន្ថែមប្រមាណ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាការអឺរ៉ុប ការឈានទៅកំណត់ឲ្យអង្ករកម្ពុជានាំចេញទៅអឺរ៉ុបត្រូវបង់ពន្ធនេះ នឹងមានរយៈពេល ៣ឆ្នាំ ដោយឆ្នាំទី១ ត្រូវបង់ពន្ធប្រមាណ ១៧៥ អឺរ៉ូ (ស្មើនឹងប្រមាណ ២០០ដុល្លារអារិក) ក្នុងអង្ករ១តោន និងឆ្នាំទី២ ត្រូវបង់ពន្ធ ១៥០អឺរ៉ូ (ស្មើនឹងប្រមាណជាង ១៧០ដុល្លារអាមេរិក) ខណៈដែលឆ្នាំទី៣ ត្រូវបង់ពន្ធ ១២៥ អឺរ៉ូ (ស្មើនឹងប្រមាណជាង ១៤០ ដុល្លារអាមេរិក)។
ទោះជាយ៉ាងនេះក្ដី បើតាមអ្នកវិភាគសេដ្ឋកិច្ចកសិកម្ម លោក ច័ន្ទ សុផល បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាល គួរតែបន្ថែមការគាំទ្រដល់វិស័យស្រូវអង្ករបន្ថែមទៀត ដូចជា បង្កើនការផ្ដល់ប្រាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ជាមួយនឹងអត្រាការប្រាក់ទាប និងការសម្រួលដល់តម្លៃថាមពលអគ្គិសនីដែលបម្រើដល់ការផលិត ឲ្យមានតម្លៃកាន់តែទាប ដើម្បីកាត់បន្ថយថ្លៃដើមសម្រាប់ការប្រកួតប្រជែងទីផ្សារ។
សូមជម្រាបថា តាមរបាយការណ៍ពីគណៈកម្មការអឺរ៉ុប ក្នុងមួយឆ្នាំៗ កម្ពុជានាំចូលអង្ករទៅសហភាពអឺរ៉ុបប្រមាណ ជាង ២០ម៉ឺនតោន ហើយអឺរ៉ុបក៏ជាទីផ្សារធំមួយរបស់វិស័យស្រូវអង្ករកម្ពុជាផងដែរ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា គិតតាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ កន្លងទៅ ការនាំចូលអង្ករពីកម្ពុជាមកកាន់អឺរ៉ុបមានលំហូរកំណើនប្រមាណ ៨២២ភាគរយ ពោលគឺចាប់ពីប្រមាណ២៧ពាន់តោន មកដល់ ២៤៩.០០០តោន៕