មន្ត្រីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជារំពឹងថា ភាពជាដៃគូនេះនឹងជួយជំរុញឲ្យផ្សារភាគហ៊ុននៅកម្ពុជាមានភាពរីកចម្រើនមួយកម្រិតទៀត តាមរយៈការទាក់ទាញក្រុមហ៊ុន សហគ្រាសក្នុងវិស័យឯកជន និងរដ្ឋឲ្យចូលរួមបោះផ្សាយលក់ភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជាកាន់តែច្រើនថែមទៀត។
ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះការចាប់ដៃគ្នារវាងផ្សារមូលបត្រកម្ពុជាជាមួយផ្សារមូលបត្រសៀងហៃរបស់ចិនក្នុងការពង្រីកទីផ្សារមូលបត្រនៅកម្ពុជាដែលកំពុងបោះជំហានទៅមុខយ៉ាងសន្សឹមៗ។ ឯកឧត្តមបានចាត់ទុកកិច្ចសហប្រតិបត្តិការនេះថា ជាការបោះជំហានមួយក្នុងការបញ្ជ្រាបផ្សារមូលបត្ររបស់កម្ពុជាដល់វិនិយោគិនចិន ដើម្បីឲ្យពួកគេសម្លឹងមើលឱកាសវិនិយោគលើវិស័យមូលបត្រនៅកម្ពុជា។
អ្នកជំនាញរូបនេះវាយតម្លៃថា ប្រសិនបើកម្ពុជាអាចទាក់ទាញការជួញដូរពីវិនិយោគិនចិនឲ្យបានក្នុងទំហំពី ១លានដុល្លារ ទៅ២លានដុល្លារក្នុង១ថ្ងៃ នៃទំហំជួញដួររាប់សិបពាន់លានដុល្លារពីផ្សារភាគហ៊ុននៅចិន វាជាភាពជោគជ័យមួយសម្រាប់ផ្សារមូលបត្រកម្ពុជា។ តែយ៉ាងណាឯកឧត្តម ហុង សុហួរ រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងមានភាពរីកចម្រើនមួយកម្រិតទៀតបន្ទាប់ពីចាប់ដៃគ្នាជាមួយផ្សារមូលបត្រសៀងហៃ ដែលជាទីផ្សារមូលបត្រដ៏ធំមួយលើពិភពលោក ហើយវានឹងជួយផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់ក្រុមហ៊ុន សហគ្រាសក្នុងវិស័យឯកជននៅកម្ពុជាឲ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រកាន់តែច្រើន។ឯកឧត្តម ហុង សុហួរ គូសបញ្ជាក់ថា មូលហេតុដែលផ្សារមូលកម្ពុជាសម្រេចចុះអនុសារណៈយោគយល់ជាមួយផ្សារមូលបត្រសៀងហៃ គឺដោយសារកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយចិន គួបផ្សំកម្ពុជាចង់ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកមកអភិវឌ្ឍន៍វិស័យផ្សារមូលបត្រនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។ តាមរយៈ MOU នេះ ភាគីទាំងពីរនឹងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ការសិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបុគ្គលិក និងការអភិវឌ្ឍន៍ផលិតផលហិរញ្ញវត្ថុថ្មីៗជាដើម។
ផ្សារមូលបត្រសៀងហៃជាទីផ្សារមូលបត្រដ៏ធំមួយក្នុងចំណោមផ្សារមូលបត្រធំៗលើពិភពលោកដោយផ្អែកលើទំហំមូលធនូបនីយកម្មសរុបរបស់ទីផ្សារ។ទីផ្សារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ហើយមកទល់បច្ចុប្បន្នផ្សារមូលបត្រសៀងហៃមានផលិតផលហិរញ្ញវត្ថុជាច្រើនដូចជាភាគហ៊ុន បណ្ណបំណុលមូលនិធិ និងឧបករណ៍និស្សន៍។
គួរជម្រាបថា មកទល់បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាបានចុះអនុសារណៈយោគយល់គ្នាជាមួយស្ថាប័នក្នុងស្រុក និងក្រៅស្រុកជាង១០។ កិច្ចសហប្រតិបត្តិការទាំងនេះផ្តោតសំខាន់លើការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទីផ្សារមូលបត្រនៃប្រទេសជាដៃគូភាគី លើកកម្ពស់ការយល់ដឹងវិនិយោគិនខ្មែរ និងបរទេសលើទិផ្សារមូលបត្រកម្ពុជា និងកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត៕