នៅក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុនមេគង្គអូរីហ្សាត្រេដឌីង និងក្រុមហ៊ុនហុងកុង ជុងហ៊ុយថៃហ្វូអន្តរជាតិ និងក្រុមហ៊ុនហ្គ្រីន សែហ្វអាហ្រ្វិកគ្រុប ដោយមានការចូលរួមជាសាក្សីពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតាមកិច្ចព្រៀមព្រៀងនេះ កម្ពុជានឹងអាចនាំអង្ករទៅទីផ្សារចិន អាហ្វ្រិកខាងត្បូង និងអឺរ៉ុបបានចាប់ពីឆ្នាំ២០២០ខាងមុខនេះទៅ សម្រាប់ឆ្នាំទី១ ក្នុងបរិមាណពី ៣ ទៅ៥ម៉ឺនតោន ឆ្នាំទី ២ ពី៥ ទៅ៧ម៉ឺនតោន និងឆ្នាំទី៣ ពី៧ ទៅ១០ម៉ឺនតោន។
លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន អូរីហ្សាត្រដឌីង និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា នេះគឺជាការបើកទីផ្សារបន្ថែមសម្រាប់អង្ករកម្ពុជា ប៉ុន្តែចំណុចដែលសំខាន់នៃកិច្ចព្រៀមព្រៀងនេះគឺបាននិងកំពុងមើលទៅលើគុណភាព និងតម្លៃអង្ករធៀបនឹងប្រទេសវៀតណាម និងឥណ្ឌាដែលកន្លងមកប្រទេសពីរនេះបាននាំទៅទីផ្សារនោះក្នុងតម្លៃអង្ករថោកជាងអង្ករកម្ពុជា។
លោកឧកញ៉ាបន្តថា គោលការណ៍រួមជាវិជ្ជមានសម្រាប់ផែនការនាំចេញអង្ករនេះ គឺបានជជែកគ្នាពីបរិមាណ ពេលវេលា និងតម្លៃអង្ករ ដោយសូមឲ្យភាគីកម្ពុជាថ្លឹងថ្លែងជាមួយវៀតណាម និងឥណ្ឌា។
លោកឧកញ៉ាបានឲ្យដឹងទៀតថា ការនាំចេញអង្ករកម្ពុជាជួបបញ្ហាកន្លងមក ដោយសាតែថ្លៃដើមផលិតប៉ុណ្ណោះ បើថ្លៃដើមផលិតអង្ករកម្ពុជានៅតែខ្ពស់ប្រាកដណាស់ការនាំចេញនឹងប៉ះពាល់ ប៉ុន្តែទន្ទឹមពេលពេលនេះខាងអ្នកនាំចេញកំពុងពិភាក្សាដើម្បីបញ្ចុះថ្លៃដើមផលិត ហើយការបញ្ចុះថ្លែដើមផលិតនេះ គឺមិនសំដៅលើការបញ្ចុះថ្លៃស្រូវពីកសិករនោះឡើយ ពោលគឺធ្វើយ៉ាងណាបង្កើនគុណភាពផលិត និងការបញ្ចុះថ្លៃសេវាដឹកជញ្ជូន ដែលការធ្វើដូច្នេះ គឺដើម្បីធានានិរន្តរភាពរយៈពេលវែង។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករបានលើកឡើងសប្តាហ៍មុននេះថា
«ខ្ញុំមានការសោកស្តាយដល់កសិករ និង រោងម៉ាស៊ីនកិនស្រូវ
ដោយសារតម្លៃស្រូវផ្ការរំដួលមានភាពធ្លាក់ថ្លៃជាងឆ្នាំមុន ព្រោះតម្លៃអង្ករលើទីផ្សារអន្តរជាតិមានការប្រែប្រួលចុះតម្លៃខ្លាំងក្នុងរយៈពេលជាងមួយខែនេះ
ធ្វើឲ្យប្រទេសនាំចូលមួយចំនួនពន្យារពេលទិញអង្ករ ដែលជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពស្រូវប្រភេទផ្ការំដួល» ។
ឧកញ៉ាបានស្នើសុំឲ្យសមាជិករោងម៉ាស៊ីនកិនស្រូវបន្តទិញស្រូវ
ហើយស្នើសុំឲ្យធនាគារអភិវឌ្ឍន៍ជនបទ និង ធនាគារពាណិជ្ជធ្វើការទម្លាក់ថវិកាឲ្យរោងម៉ាស៊ីនកិនស្រូវ
និង សហគមន៍កសិកម្មដើម្បីទិញស្រូវស្តុកទុក ។
លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា«យើងត្រូវការថវិកាយ៉ាងតិច ២០០ លានដុល្លារក្នុងមួយឆ្នាំ ដើម្បីប្រមូលទិញស្រូវពីបងប្អូនពូមីងកសិករ » ៕
យោងតាមរបាយការណ៍ក្រសួងកសិកម្មបង្ហាញថា ក្នុងរយៈពេល ៩ខែ នៅឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករប្រមាណ ៤០ម៉ឺនតោន កើនឡើងប្រមាណតែជាង ២%ទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ប្រទេសចិនឈរក្នុងលំដាប់កំពូលតារាងក្នុងបរិមាណនាំចេញ ១៦ម៉ឺនតោន ខណៈអឺរ៉ុប មានជាង ១៣,៦ ម៉ឺនតោន ស្មើ និង ប្រទេសអាស៊ាន មានប្រមាណ៥,៣ ម៉ឺនតោន៕