ការព្រៀមព្រៀងគ្នានេះធ្វើឡើង អំឡុងវេទិកាធុរកិច្ច និងវិនិយោគដែលរៀបចំឡើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលបានបើកឱកាសឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មនៃកូរ៉េខាងត្បូង លោក Ahn Duk-geun និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ និងមន្ត្រីរដ្ឋាភិបាល ក៏ដូចជាអ្នកវិនិយោគនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាទល់មុខ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េ (CKFTA) បានចូលជាធរមាននៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២២ ដែលកន្លងមកភាគីទាំងពីបានទទូចឱ្យមានការបើកទីផ្សារកម្រិតខ្ពស់ ជាងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកូរ៉េខាងត្បូង និងអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រោយជ្រោយតំបន់ ឬហៅកាត់ថា RCEP។ RCEP គឺជាកិច្ចព្រមព្រៀង ដែលគ្របដណ្ដប់លើប្រទេសអាស៊ានទាំង១០ និងដៃគូសន្ទនាចំនួនប្រាំគឺកូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់។
ក្រៅតែពីការជំរុញពាណិជ្ជកម្ម រដ្ឋាភិបាលក្រុងសេអ៊ូល អះអាងថា នឹងគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យារបស់កម្ពុជា តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ។ គួររំឭកថា ប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ចាប់មានទំនាក់ទំនងផ្លូវការតាំងតែពីឆ្នាំ១៩៧០ ខណៈទំនាក់ទំនងមានកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ លើកលែងតែក្នុងសម័យសង្គ្រាមស៊ីវិលនៃទសវត្ស៧០ ដែលកាលនោះកម្ពុជាដឹកនាំដោយ របបកុម្មុយនិស្ត។
គួរជម្រាបថា បើតាមការអះអាងកន្លងមកពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ប្រទេសកម្ពុជាបាន បើកទីផ្សារចំនួន ៨៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន ៩៥% នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះ កម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង នៅរយៈពេលពេញមួយឆ្នាំ២០២២កន្លងទៅសម្រេចបាន មានទំហំទឹកប្រាក់ប្រមាណជិត ៧៨០លានដុល្លារអាមេរិក កើនឡើងជាង ០,៦% បើធៀបនឹងឆ្នាំមុន២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េខាងត្បូង សម្រេចបានជាង២៣៣លានដុល្លារអាមេរិក កើនឡើងជាង ២០,៤% ខណៈការនាំចូលពីទីផ្សារកូរ៉េខាងត្បូងមកវិញ មានទំហំទឹកប្រាក់ជាង ៥៤៥លានដុល្លារអាមេរិក ថយចុះ៦%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕