បើទោះបីជាស្ថានភាពកូវីដ១៩ បានបន្ដរីករាលដាល និងធ្វើឲ្យមាន ការរំខានដល់ការធ្វើពាណិជ្ជកម្មក៏ដោយ ប៉ុន្ដែ ការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា នឹង បណ្ដាប្រទេសមួយ ចំនួនជាដៃគូនៅតែបន្ដកំណើនគួរឲ្យកត់សម្គាល់។ តួយ៉ាង សម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅ៨ខែដើមឆ្នាំ២០២១ សម្រេចបានជាង ៦៣៥លានដុល្លារ កើនជាង១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ ការនាំចេញរបស់កម្ពុជាទៅកូរ៉េសម្រេចបានជាង២២៦លានដុល្លារ កើនប្រមាណជាង៣,៥% ខណៈដែលការនាំចូលពីកូរ៉េមកវិញ មានជាង៤០០លានដុល្លារ កើនជាង១៦%។ នេះបើតាមរបាយការណ៍ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។
បើមើលទៅមុខទំនិញដែលកម្ពុជាបានចេញទៅកូរ៉េខាងត្បូងវិញ រួមមានស្បែកជើង និងផលិតផលសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ងគ្រឿងបង្គុំអគ្គិសនី និងផលិតផលកសិកម្មផងដែរ។ ដោយឡែក កម្ពុជាមានតម្រូវការនាំចូលពីកូរ៉េមកវិញ មានដូចជា យានយន្ដ គ្រឿងអេឡិចត្រូនិក ផលិតផលផ្ទះបាយ ឱសថ និងភេសជ្ជៈ រួមទាំអងផលិតផលផ្លាស្ទិកជាដើម។
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េខាងត្បូង ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា នឹងបន្ដមានសម្ទុះកំណើនកាន់តែខ្លាំងក្លាថែមទៀត នៅគ្រាដែលប្រទេសទាំងពីរ ឈានទៅសម្រេចបានការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទ្វេភាគីរួមគ្នានៅក្នុងខែតុលាខាងមុខនេះ និងអាចចូលជាធរមាននៅឆ្នាំ២០២២ខាងមុខនេះ។
បើតាមមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា ប្រសិនបើស្ថានភាពកូវីដ១៩ធូរស្រាល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្ដិ និងធ្វើដំណើរដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េដោយផ្ទាល់ ដើម្បីចុះកិច្ចហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា កូរ៉េខាងត្បូង ភាគីកម្ពុជារំពឹងថា នឹងទទួលបានការបើកចំហរទីផ្សារកាន់តែធំសម្រាប់មុខទំនិញកម្ពុជានាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង។
កាលពីឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបានជាង៨៨០លានដុល្លារ ធ្លាក់ចុះជិត ១៨% បើធៀបនឹងឆ្នាំ ២០១៩ ដែលមានប្រមាណជាង ១ពាន់លានដុល្លារ។ នេះបើយោង តាមទិន្នន័យ ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
សូមបញ្ជាក់ថា
ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង
កម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនផងដែរ
ដែលរំពឹងថានឹងចូលជាធរមាននៅឆ្នាំ២០២២ខាងមុខ។ ក្រៅពីនេះ
កម្ពុជាក៏មានផែនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ
ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតដូចជាឥណ្ឌា និងជប៉ុនជាដើម៕