ជាក់ស្តែង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលទើបតែបញ្ចេញរបាយការណ៍ជាសាធារណៈនៅក្នុងសន្និបាតការងារប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃនេះថា សម្រាប់ឆ្នាំ២០១៨ ស្ថានប័នគយ និងរដ្ឋាករនេះ ប្រមូលចំណូលសរុបប្រមាណជាង ១០ ទ្រីលានរៀល (ប្រមាណ ២.៥០០ លានដុល្លារអាមេរិក) កើនឡើងជាង ៣២% ធៀបនឹង ឆ្នាំ២០១៧ ។
លោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា លទ្ធផលនៃចំណូលពន្ធគយក្នុងឆ្នាំ ២០១៨ វាលើសផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ២០១៨ ពោលគឺលើសរហូតដល់ជាង ១២១%។
ឯកឧត្តម បណ្ឌិត គុណ ញឹម បានឲ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ចំណូលពន្ធគយ តាមប្រភេទពន្ធ និង អាករសំខាន់ៗ ដែលប្រមូលដោយគយ មានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ១៨%, អាករពិសេសកើនជាង ៤២% និង អាករលើតម្លៃបន្ថែម (VAT) កើនជិត៣១%។
ប្រភពចំណូលពន្ធ និង អាករសំខាន់ៗ ដែលប្រមូលពន្ធបាន ទី១ យានយន្ត និង គ្រឿងចក្រ បានដើរតួនាទីប្រមាណជិត៤៦% នៃចំណូលសរុប ទី២ ប្រេងឥន្ធនៈ និង ថាមពលប្រមាណ ២០%នៃចំណូលសរុប និង ទី៣ ទំនិញចម្រុះ និង គ្រឿងសំណង់មានជាង ៣៤%នៃចំណូលសរុប។
ដោយឡែក ពេញមួយឆ្នាំ ២០១៨ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រមូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាន សរុបមានប្រមាណ ២.២០០ លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណជាង ១១៤% នៃផែនការប្រចាំឆ្នាំ ដែលបានកំណត់។ ពោលមានការកើនឡើងជាង ១៣%ធៀបនឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ។ បើយើងសរុបចំណូលពន្ធរបស់ស្ថាប័នរដ្ឋទាំងពីរខាងលើនេះ ឃើញថា រដ្ឋយើងប្រមូលចំណូលពន្ធបាន ប្រមាណជិត ៥ ពាន់លានដុល្លារអាមេរិកឯណោះ៕
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានអះអាងថា ការប្រមូលចំណូលពន្ធររបស់អគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ឃើញថា ចំណូលពន្ធដារ បានកើនឡើងក្នុងរង្វង់ ២០% ក្នុងមួយឆ្នាំ។
ឯកឧត្តមថា ចំណូលពន្ធដារ នៅឆ្នាំ២០១៨ កន្លងទៅ មានលើសឆ្នាំ ២០១៧ ប្រមាណ ២៦០ លានដុល្លារអាមេរិក។ ដោយឡែក បើពិនិត្យទៅមើលនៅក្នុងខែធ្នូ ឆ្នាំ២០១៨ ឃើញថា អគ្គនាយដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ជាង ១៤០ លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ មានការកើនឡើងជាង២៨%។
ចំពោះលទ្ធផលនៃការប្រមូលពន្ធនេះដែរ ឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង កោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានទាំងពីរ នៅឆ្នាំ២០១៨ កន្លងទៅ និងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
សម្រាប់ឆ្នាំ២០១៩នេះដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឲ្យបានលើផែនការ ជាអតិបរិមានោះ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ក៏បានគាំទ្រ អគ្គនាយកដ្ឋានពន្ធដារឲ្យបន្តបេសកកម្មរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត។
លោក ឧកញ៉ា លី ហួរ អគ្គនាយក ក្រុមហ៊ុន លីហួរ គ្រុប បានឲ្យដឹងថា ក្រុមហ៊ុនលោក និងរូបលោកផ្ទាល់បានចូលរួមចំណែកបង្កើនចំណូលពន្ធនេះដែរ ក្នុងនាមលោកឧកញ៉ានៅក្នង វិស័យឯកជន។ លោកឧកញ៉ាបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនលីហួរបានចូលរួមចំណែកក្នុងការបង់ពន្ធជូនរដ្ឋកើនឡើងជាបន្តបន្ទាប់ ពិសេសគឺវិស័យសំណង់ និងរួមទាំងបុគ្គលិកផងដែរក៏បានចូលរួមចំណែកបង់ពន្ធជូនរដ្ឋដូចៗគ្នា។
លោកឧកញ៉ា បន្ថែមថា ការចូលរួមបង់ពន្ធជូនរដ្ឋកាន់តែច្រើនពីវិស័យឯកជននេះ នឹងជួយទៅដល់ការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋប្រសើរជាងមុន។
លោកឧកញ៉ា លី ហួរបានឲ្យដឹងទៀតថា នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ វិស័យពន្ធដារមានការអភិវឌ្ឍខ្លាំង ដោយបានកែទម្រង់របៀបនៃការបង់ពន្ធមិនមានភាពស្មុគស្មាញ បង្កលក្ខណៈងាយដល់អ្នកវិនិយោគ៕