ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសថៃមានទំហំទឹកប្រាក់ប្រមាណជិត ១០០លានដុល្លារ ថយចុះជាង២០% ខណៈដែលការនាំចូលសម្រេចបានជិត ៨០០លានដុល្លារ ថយចុះជិត១០%។ ការថយចុះនេះ ត្រូវបានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ជាចលនាការនៃការថមថយក្នុងកម្រិតធម្មតាប៉ុណ្ណោះ មិនទាន់ចោទជាបញ្ហានោះទេ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅត្រីមាសដំបូងដើមឆ្នាំ២០២១ ការនាំចេញនាំចូលរវាងកម្ពុជាថៃនៅតែមានភាពងាយស្រួលជាធម្មតា គ្រាន់តែថា មានការរាំងស្ទះខ្លះ មិនដូចកាលពី ឆ្នាំ២០២០នោះទេ។ការរាំងស្ទះនោះគឺ កម្ពុជា និងថៃ បានជួបរលកនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ដូចគ្នា ដែលនាំឲ្យរអាក់រអួលដល់ការនាំចេញនាំចូលទំនិញនៅតាមច្រកព្រំដែននីមួយៗរបស់ប្រទេសទាំង២។
ឯកឧត្តម ប៉ែន សុវិជាតិ បានបន្ថែមថា តាមសភាពការណ៍ជាក់ស្តែងដូចសព្វថ្ងៃ បើសិនជាស្ថានភាពនៃរីករាលដាលជំងឺកូវីដ-១៩ របស់ប្រទេសទាំង២នៅតែបន្តអូសបន្លាយទៀត ក្រសួងមិនទាន់អាចវាយតម្លៃ ឬ រំពឹងថា ឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ អាចនឹងសម្រេចក្នុងកម្រិតណានោះទេ ខណៈដែលប្រទេសទាំងពីរធ្លាប់មានគោលដៅថា នឹងសម្រេច ទំហំពាណិជ្ជកម្មឲ្យបាន ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។
សូមរម្លឹកថា កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ សម្រេចបានជាង ៧ពាន់លានដុល្លារ ធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩។ នេះបើតាមតួលេខពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ ចំពោះមុខទំនិញដែលកម្ពុជានាំចេញទៅទីផ្សារថៃវិញ ភាគច្រើនជាផលិតផលកសិកម្ម ខណៈដែលផលិតផលនាំចូលពីប្រទេសថៃមកវិញមានដូចជា រថយន្ដ ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម៕