សម្ដេចតេជោបានប្រកាសថា វ៉ាក់សាំង១លានដូសដំបូងនេះ នឹងចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ។
ចំពោះថាតើគួរទិញវ៉ាក់សាំងកូវីដ-១៩នេះពីប្រទេសណាមួយនោះ សម្ដេចតេជោបានមានប្រសាសន៍ថា "ខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេស អង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា? ។"
វ៉ាក់សាំងមួយលានដូស អាចចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលដែលកម្ពុជាប្រជាជន ១៦លាននាក់ ទាំងចាស់ ទាំងក្មេង ដែលក្នុងនោះ អាចមានមនុស្សប្រមាណ ១០លាននាក់ ត្រូវការចាក់វ៉ាក់សាំង។ នេះបើតាមប្រសាសន៍សម្ដេចតេជោ ។
ក្នុងស្ថានភាពដែលប្រទេសកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្ដេចតេជោមានប្រសាសន៍ថា "ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូប (ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច) ឲ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង ។"
សម្ដេចតេជោបានឲ្យដឹងផងដែរថា សម្រាប់ដំណាក់កាលបន្ទាប់ សម្ដេចបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញ ២ ទៅ ៣លានដូសថែមទៀត ៕