បើតាមរបាយការណ៍ស្ថិតិពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងរយៈពេលពីរខែដើមឆ្នាំ២០២១កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រេចបានជាង១ពាន់១រយលានដុល្លារដុល្លារអាមេរិក កើនឡើងជាង៣%ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ដោយឡែក ការនាំចូលពីអាមេរិកមកកម្ពុជាវិញមានជាង៦៧លានដុល្លារ កើនឡើង១៤លានដុល្លារ ធៀបនឹងឆ្នាំ២០២០ មានកំណើនជាង២០%។
ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរក្នុងរយៈពេល២ខែឆ្នាំនេះ មានទឹកប្រាក់សរុបជិត១ពាន់២រយលានដុល្លារកើនឡើងជិត ៤% បើធៀបនឹងរយៈពេលពីរខែនៅដើមឆ្នាំ២០២០។
សូមបញ្ជាក់ថា របាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា នៅឆ្នាំ២០២០ អាមេរិកជាទីផ្សារនាំចេញទំនិញដ៏ធំជាងគេរបស់កម្ពុជា ដោយក្នុងនោះ កម្ពុជាបាននាំចេញទៅអាមេរិកមានដល់ទៅ ជាង៥ពាន់២រយលានលានដុល្លារ ខណៈដែលការនាំចូលពីអាមេរិកមកវិញមានត្រឹមតែ ២៥០លានដុល្លារប៉ុណ្ណោះ ដែលបានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងជិត១៧%។ បន្ទាប់ពីអាមេរិក ទីផ្សារនាំចេញធំៗរបស់កម្ពុជារួមមាន សភាពអឺរ៉ុប ជប៉ុន ចិន អង់គ្លេស និងកាណាដាជាដើម៕