វិស័យពាណិជ្ជកម្ម

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក នៅតែរក្សាកំណើនល្អប្រសើរ ទោះវិធានការពន្ធរបស់លោក ត្រាំ ធ្វើឱ្យសេដ្ឋកិច្ចពិភពលោករំជើបរំជួល


ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក នៅតែរក្សាបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ បើទោះវិធានការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបង្កើតភាពមិនច្បាស់លាស់កាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោកក៏ដោយ។ ជាក់ស្តែងនៅពីរខែដំបូងដើមឆ្នាំនេះ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជាង១,៦ពាន់លានដុល្លារ មានការកើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ តើអ្នកជំនាញសេដ្ឋកិច្ចមានការយល់ឃើញបែបណា ចំពោះការកើនឡើងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនេះ?
វិស័យពាណិជ្ជកម្ម
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស និងជាអ្នកជំនួញដ៏ល្បីមួយរូបនៅកម្ពុជា កត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក នៅដើមឆ្នាំនេះ នៅតែរក្សាបានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក តែម្តង។ កំណើននាំចេញរបស់កម្ពុជានេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចដោយសារបណ្ដាក្រុមហ៊ុន អាម៉េរិក បង្កើនការបញ្ជាទិញផលិតផលដើម្បីស្តុកទុក ក្រោយបារម្ភពីគោលនយោបាយដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យប៉ះពាល់ដល់ការនាំចូល និងជំរុញឱ្យតម្លៃទំនិញកើនឡើង។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកកំណើននាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក បានសបញ្ជាក់ពីសារសំខាន់នៃទំនិញកម្ពុជា សម្រាប់សហរដ្ឋអាម៉េរិក ហើយវាក៏បានបង្ហាញផងដែរថា សហរដ្ឋអាម៉េរិក ពុំទាន់មានការគិតគូរ ឬមានការដំឡើងពន្ធគយណាមួយមកលើកម្ពុជា នោះទេ។ សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ កំណើននាំចេញរបស់កម្ពុជា ទំនងជាមិនពាក់ព័ន្ធនឹងគោលនយោបាយដំឡើងពន្ធរបស់លោក ត្រាំ លើប្រទេសផ្សេងៗនោះទេ ហើយបើអាម៉េរិក ចង់ដាក់ពន្ធលើកម្ពុជា ក៏ដូចជាប្រទេសតូចៗផ្សេងទៀត ក៏មិនពិបាកនោះដែរ។

​សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជាមួយអាម៉េរិក នៅរយៈពេល២ខែដើមឆ្នាំ២០២៥ នេះ មានទំហំ១,៦៧៥លានដុល្លារ កើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជា នាំចេញទៅសហរដ្ឋអាម៉េរិក មានទំហំជាង១,៦២៦លានដុល្លារ ខណៈការនាំចូលមកវិញមានតែជាង៤៨លានដុល្លារតែប៉ុណ្ណោះ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កត្តាអ្វីជំរុញឱ្យទីភ្នាក់ងារថាមពលអន្តរជាតិ ព្យាករថា ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោកនឹងកើនលើសតម្រូវការដល់ទៅ៦០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំនេះ?

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានព្យាករថា ការផ្គត់ផ្គង់ប្រេងទូទាំងពិភពលោកអាចលើសតម្រូវការជ…

អ្នកដាំកៅស៊ូកំពុងត្រូវប៉ាន់ ក្រោយតម្លៃជ័រកៅស៊ូហក់ឡើងខ្ពស់នៅដើមឆ្នាំនេះ

កម្ពុជា រកចំណូលបានជាង១០០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ នៅពីរខែឆ្នាំនេះ មានការកើនឡើងជាង២៦% បើធៀបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ