ទិន្នន័យ ដែលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានដកស្រង់ចេញពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេល ៥ខែដំបូង ដើមឆ្នាំ ២០២០នេះ ការនាំចេញទំនិញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម សម្រេចបានជាង ៤៧៦លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះ ១៥% ហើយទំនិញនាំចេញភាគច្រើនជា ប្រភេទស្រូវអង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ជាដើម។ ទន្ទឹមគ្នានេះ ការនាំចូលទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា វិញ សម្រេចបានជាង ១,៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ ខណៈទំនិញភាគច្រើនជា ដែកថែប ប្រេង បន្លែ និងផ្លែឈើជាដើម។
សូមជម្រាបថា កាលពីឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្ពុជា និងវៀតណាម សម្រេចបានជិត ៥,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១% បើធៀបនឹងឆ្នាំ ២០១៨ ខណៈការនាំចេញទំនិញពីប្រទេសវៀតណាម ចូលមកកម្ពុជា កាលពីឆ្នាំ ២០១៩ មានជាង ៤,៤ពាន់លានដុល្លារអាមេរិក ហើយការនាំចេញពីកម្ពុជាទៅកាន់វៀតណាមវិញ មានជាង ៩០០លានដុល្លារអាមេរិក។
គួររម្លឹកដែរថា បើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅវៀតណាម បានបង្ហាញថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ វៀតណាម សម្រេចបានជិត ២០០ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញទៅក្រៅប្រទេស មានជិត ១០០ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ ១,៧% ហើយការនាំចូលមកកាន់ប្រទេសវៀតណាម មានជាង ៩៧ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ ៣,៨%៕