ប្រេងសាំង ដែលមានការនិយមប្រើប្រាស់ច្រើន នៅប្រទេសវៀតណាម បានកើនឡើងថ្លៃ រហូតដល់ជាង ៨% ហើយ បន្ទាប់ពីមានការកើនឡើងតម្លៃ ៤ដង គិតចាប់តាំងពីដើមឆ្នាំនេះ រៀងមកទល់បច្ចុប្បន្ន ខណៈដែល ក្រុមហ៊ុន ដឹកជញ្ជូនជាច្រើននៅវៀតណាម ក៏បានដំឡើងថ្លៃឈ្នួលរបស់ខ្លួនខ្ពស់ជាងមុនផងដែរ។
តម្លៃប្រេងសាំងល្អ ដែលលក់នៅវៀតណាម គិតត្រឹមថ្ងៃនេះ បានកើនឡើងមកដល់តម្លៃ ប្រមាណ ៣.៨០០រៀល ក្នុងមួយលីត្រ ខណៈដែលកាលពីដើមខែមករាកន្លងទៅ មានតម្លៃប្រមាណតែ ៣.៥០០ រៀលប៉ុណ្ណោះ ក្នុង១លីត។ រីឯតម្លៃប្រេងឆៅ លក់ក្នុងទីផ្សារពិភពលោក គិតត្រឹមថ្ងៃ២៧ ឧសភា ម្យិលមិញនេះ មានតម្លៃ ៧៨ ដុល្លារ ក្នុងមួយប៉ារែល។
ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូននៅវៀតណាម បានអះអាងថា តម្លៃប្រេងឥន្ធនៈឡើងថ្លៃ បានធ្វើឲ្យថ្លៃឈ្នួលសេវាកម្មក៏ឡើងថ្លៃដែរ ពោលគឺតម្លៃប្រេងសាំង ដែលចំណាយលើការដឹកជញ្ជូនឡានកុងតឺនឺ និងរថយន្ដដឹកទំនិញធុនធ្ងន់ មានប្រមាណ៤០% នៃប្រាក់ចំណូលសរុប ខណៈដែលមធ្យោបាយដឹកជញ្ជូនផ្សេងទៀត ការចំណាយលើប្រេងឥន្ធនៈ អាចមានប្រមាណ ៣០% នៃចំណូលសរុប។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច វៀតណាម អះអាងថា តម្លៃប្រេងឥន្ធនៈឡើងថ្លៃ មិនត្រឹមតែប៉ះពាល់ដល់វិស័យដឹកជញ្ជូនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ធ្វើឲ្យមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ទំនិញទូទៅផងដែរ ពោលគឺតម្លៃទំនិញលើទីផ្សារក៏ចាប់ផ្ដើមឡើងថ្លៃជាងមុនដែរ។
អ្នកជំនាញសេដ្ឋកិច្ច សង្កត់ធ្ងន់ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ គួបផ្សំនឹងគម្រោងកំណត់តំឡើងពន្ធបន្ថែម លើប្រេងឥន្ធនៈ ដែលនឹងចាប់ផ្ដើមឡើងនៅកក្កដាខាងមុខនេះ ក៏អាចនឹងបង្កើនអត្រា អតិផរណា ហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់វិស័យពាណិជ្ជកម្មក្នុងប្រទេសវៀតណាមផងដែរ។ បើតាមដឹង គម្រោងដំឡើងពន្ធលើតម្លៃប្រេងសាំងក្នុងប្រទេសវៀតណាម គឺនឹងកំណត់តម្លៃពន្ធបន្ថែម ៣៣% ពោលគឺ ប្រមាណជិត ៧រយរៀល ក្នុង១លីត្រ។
ជុំវិញរឿងប្រេងឥន្ធនៈឡើងថ្លៃនេះដែរ ប្រទេសថៃ ក៏បានបញ្ជាក់ដែរថា ខ្លួននឹងប្រើប្រាស់មូលនិធិប្រេងរបស់ខ្លួន ដើម្បីធ្វើការកំណត់តម្លៃប្រេងម៉ាសូត មិនឲ្យលើសពី ៣០បាត ឫស្មើនឹងតម្លៃប្រមាណ ៣.៨០០រៀលក្នុងមួយលីត្រ នោះឡើយ។ ក្រោមផែនការដើម្បីបន្ថយផលប៉ះពាល់តម្លៃប្រេងឥន្ធនៈ មូលនិធិប្រេងរបស់រាជរដ្ឋាភិបាលថៃ នឹងផ្តល់ឧបត្ថម្ភធន ៥០% នៃតម្លៃកើនឡើង។ ឧទាហរណ៍ ប្រសិនបើតម្លៃប្រេងកើនឡើង ២ បាត ប្រាក់កម្ចីនេះនឹងមានចំនួន ១ បាត។ គម្រោងមូលនិធិឧបត្ថម្ភធននេះ មានទុនសរុបប្រមាណ ១ពាន់លានដុល្លារ ដែលអាចទ្រាំទ្រស្ថានការណ៍ប្រេងឡើងថ្លៃ បានប្រមាណ ១១ខែ។
ដោយឡែក បើយើងក្រឡេកមកមើល តម្លៃប្រេងនៅកម្ពុជាវិញ គឺនៅតែបន្តកើនឡើងជាបន្តបន្ទាប់ មិនទាន់ឃើញចុះវិញនៅឡើយទេ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្ត ពីថ្ងៃទី២២ ខែឧសភា ដល់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ យើងឃើញថា តម្លៃប្រេងសាំងធម្មតាត្រូវលក់រាយក្នុងតម្លៃ ៤.៣០០ រៀល ក្នុងមួយលីត្រ។ ចំនែកឯ ប្រេងម៉ាស៊ូតវិញ មានតម្លៃប្រមាណ ៤.១០០ រៀលក្នុង១លីត្រ ពោល គឺនៅតែមានតម្លៃខ្ពស់ បើធៀបនឹងប្រទេសជិតខាង៕