នៅក្នុងកិច្ចប្រជុំពេញអង្គរបស់ គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនជាតិ និងអន្រជាតិទូទាំងប្រទេស នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងនេះ បានឱ្យដឹងថា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងអំពីយោបល់មួយ គឺសំណើស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកទស្សនាខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន (Border Pass) ដោយមិនចាំបាច់មានលិខិតឆ្លងដែននោះទេ។ ជាក់ស្តែងដូចជា ពលរដ្ឋថៃដែលរស់នៅខេត្តស្រះកែវ ពេលចូលមកខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាបបាន, អ្នកនៅខេត្តសុរិន្ទ្រពេលចូលមកខេត្តឧត្តរមានជ័យ អាចបន្តចូលមកខេត្តសៀមរាបទៀតបានផងដែរ។
ឯកឧត្ដម ហោ សារុន បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋថៃខ្លះពួកគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែពួកគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើពួកគាត់រស់នៅខេត្តជាប់ព្រំដែន គឺអាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា។ ឯកឧត្ដម បានបន្តថា ប្រសិនបើការអនុវត្តយ៉ាងដូច្នេះមែន កម្ពុជានឹងទទួលបានផលចំណេញបន្ថែមពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនាដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃរស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ/ចូល រវាងប្រជាជនដែលរស់នៅជាប់ព្រំដែនទាំងសងខាង ដោយប្រជាជនដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបានដោយមិនចាំបាច់ មានលិខិតឆ្លងដែនឡើយ។ ហើយដើម្បីទទួលបានបណ្ណព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន។
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា នៅ៧ខែដំបូងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសសរុបជាង ៧៤ម៉ឺននាក់ កើនជាង ៥៦០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរពីប្រទេសថៃមានច្រើនជាងគេបំផុតជិត ២៤ម៉ឺននាក់ កើនជាង៣០០%៕