ការពិភាក្សាអំពីគម្រោងតភ្ជាប់ស្ពានរួមគ្នានេះ រវាងប្រទេសជិតខាងគ្នាទាំងពីរនេះ ធ្វើឡើងនៅឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយនឹងឯកឧត្តម ផន ខាំវីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ នៅក្នុងទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុននៅថ្ងៃទី ២៣ មេសា ពោលគឺ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ បានចាប់ផ្ដើម។
ឯកឧត្តម នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ផន ខាំវីផាវ៉ាន់ បានស្នើទៅកាន់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសាងសង់តភ្ជាប់ស្ពានរវាងប្រទេសទាំងពីរ ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងគ្នាទាំងពីរកាន់តែជិតស្និទ្ធថែមទៀត ប៉ុន្ដែ ឯកឧត្តមគូសបញ្ជាក់ថា ឯកឧត្តមត្រូវរង់ចាំការពិភាក្សាគម្រោងនេះ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន។
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកការសាងសង់គម្រោងស្ពានតភ្ជាប់រវាងកម្ពុជា និងឡាវនេះ គឺជារឿងដ៏ល្អបំផុត សម្រាប់ផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
នៅក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីឡាវនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាននគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវ ដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជារថយន្តដឹកវ៉ាក់សាំង កូវីដ១៩ រួមទាំងថវិកាមួយចំនួនទៀតផងដែរ ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះ។ ឯកឧត្តម ផនខាំ វីផាវ៉ាន់ ក៏បានប្តេជ្ញាចិត្តក្នុងការអនុវត្តនូវអ្វីជាសេចក្ដីសម្រេច ដែលភាគីទាំងពីរបានឯកភាពគ្នាពេលកន្លងមក ជាពិសេសការបញ្ចប់នូវឯកសារមេពាក់ព័ន្ធនឹងព្រំដែននៃប្រទេសទាំងពីរ។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវក៏បាន អបអរសាទរចំពោះកម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការដឹកនាំអាស៊ានកន្លងទៅនេះ។
ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ហើយក្នុងនោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ ឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះផងដែរ៕