ការដាក់ចេញនូវវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលសំដៅជួយដល់វិស័យឯកជន និងកម្មករ និយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺកូវីដ-១៩ នាពេលនេះគឺសំដៅ ធានាលំនឹង នៃសេដ្ឋកិច្ច និងសង្គម ពិសេសរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសឲ្យអាចបន្តអាជីវកម្មឆ្លងផុតនៃវិបត្តិកូវីដ-១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា វិធានការជុំទី៥នេះក្នុងបំណងបន្តជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្ម ធុរកិច្ច ឲ្យងើបឡើងវិញដើម្បីចូលរួមកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ក្រោយវិបត្តិកូវីដ-១៩ និងបន្តជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ផងដែរ។
សេចក្តីប្រកាសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនៅតែបន្តជួយវិស័យវាយភណ្ឌ កាត់ដេរ សំលៀកបំពាក់ និងស្បែកជើង និងវិស័យទេសចរណ៍ ដោយនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិតដែលបម្រើការងារនៅតាមរោងចក្រសហគ្រាស និងអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបានចុះបញ្ជីផ្លូវការត្រឹមត្រូវជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងអគ្គនាយកដ្ឋានពន្ធដារ។
ជាងនេះទៀតរាជរដ្ឋាភិបាលនៅតែបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរយៈពេល២ខែបន្ថែមទៀត ចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៏ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ។
លើសពីនេះទៀត វិស័យអាកាសចរណ៍នៅតែបន្តទទួលបានការលើកលែងការបង់ពន្ធអប្បរមា សម្រាប់រយៈពេលពីរខែផងដែរ ចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា។
ជាការអះអាង រាជរដ្ឋាភិបាលនឹងបន្តតាមដានយ៉ាងជាប់ជានិច្ចនូវសភាពការណ៍ផលប៉ះពាល់ពីជំងឺកូវីដ -១៩ លើសេដ្ឋកិច្ច និងសង្គមជាតិ និងត្រៀមជាស្រេចក្នុងការដាក់ចេញវិធានការបន្ថែម ដើម្បីផ្តល់នូវការជួយគាំទ្រសមស្រប និងតាមការចាំបាច់ សំដៅរក្សាលំនឹងសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាត្រៀមខ្លួនក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិកូវីដ-១៩ បញ្ចប់ទៅវិញ៕