ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់សារព័ត៌មានខេមបូណូមីសថា ឥឡូវនេះ ខាងក្រសួងសេដ្ឋកិច្ចបានត្រៀមថវិការួចជាស្រេចហើយ ដើម្បីអនុវត្តទៅតាមវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ឯកឧត្តមបន្ត «វាត្រូវការក្រសួងផែនការកំណត់ចំនួនមនុស្ស ឬគ្រួសារ ដែលរងផលប៉ះពាល់ឲ្យបានច្បាស់លាស់សិន ព្រោះដូចជាគ្រួសារក្រីក្រអី យើងត្រូវកំណត់អត្តសញ្ញាណពួកគាត់ឲ្យបានច្បាស់លាស់សិនមិនមែនចេះតែបើកៗទេ ជាពិសេសយើងឲ្យអ្នកដែលរងផលប៉ះពាល់ខ្លាំងក្នុងការបាត់បង់អាជីវកម្ម ឬមុខរបរផ្ទាល់ ដោយសារកូវីដហ្នឹង ព្រោះបើយើងមិនជួយគាត់ទេ គាត់នឹងក្លាយជាអ្នកក្រមួយរំពេចហ្នឹង»។
ឯកឧត្តមបានបន្ថែមថា «យើងត្រៀមកញ្ចប់ថវិកាសម្រាប់កិច្ចការទាំងអស់ហ្នឹងរួចហើយ ព្រោះយើងបានត្រៀមដល់ទៅ ៨០០លានដើម្បីដោះស្រាយបញ្ហាហ្នឹង ប៉ុន្តែមិនថា យកលុយ៨០០លានហ្នឹងដើរចែកពលរដ្ឋនោះទេ ព្រោះថា ថវិកាដែលបានផ្តល់ជូនកម្មករដែលរងផលប៉ះពាល់រាល់ខែ ក៏ដកចេញពី ៨០០លានហ្នឹងដែរ អញ្ចឹងយើងកំពុងធ្វើការជាមួយក្រសួងផ្សេងៗសិន ដើម្បីកំណត់យន្តការឲ្យបានច្បាស់លាស់ក្នុងផ្តល់ឧបត្ថម្ភជូនដល់ពលរដ្ឋរងគ្រោះទាំងនោះ»។
ជាមួយគ្នានេះដែរ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានអះអាងថា ក្រុមការងាររបស់ក្រសួងផែនការ កំពុងតែសស្រាក់សស្រាំជាមួយអាជ្ញាធររាជធានី-ខេត្តទាំង២៥ ដើម្បីធ្វើស្ថិតិចុងក្រោយពីចំនួនគ្រួសារដែលរងផលប៉ះពាល់ពីកូវីដ-១៩ ពិតប្រាកដ។
ឯកឧត្តមបញ្ជាក់ថា «ក្រុមការងារយើងកំពុងតែសម្រុកធ្វើហ្នឹងណា ដោយធ្វើយ៉ាងណាឲ្យចប់ក្នុងខែ៥ហ្នឹងនៅតាមទីជនបទ និងខែ៦យើងធ្វើនៅតាមទីប្រជុំជន ដើម្បីមានតួលេខគ្រប់គ្រាន់ដើម្បីផ្តល់ទៅក្រសួងសេដ្ឋកិច្ច»។
ឯកឧត្តមអ្នកនាំពាក្យក្រសួងផែនការបានឲ្យដឹងបន្តថា នៅពេលដែលធ្វើស្ថិតិដឹងហើយថា នោះក្រសួងសេដ្ឋកិច្ចនឹងផ្តល់ថវិកានោះជូនដល់ប្រជាពលរដ្ឋខ្វះខាតពិតប្រាកដ តាមរយៈវីង មានន័យថា ទាល់តែអ្នកដែលមានបណ្ណបញ្ជាក់ពីភាពក្រីក្រថ្មីចុងក្រោយនេះ ទើបទទួលបាន តែមិនមែនជាបណ្ណសមធម៌ដែលមានយូរហើយនោះទេ។
បើតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច មកទល់នឹងពេលនេះ ក្រសួងបានបញ្ចេញថវិកាមួយចំនួនក្នុងកញ្ចប់ថវិកា៨០០លានដុល្លារនេះហើយ ក្នុងជួយដល់កម្មករកម្មាការិនីជាង ១,៥ ម៉ឺននាក់ ដោយខាងផ្នែកសហគ្រាសរោងចក្រកាត់ទទួលបាន ៤០ដុល្លារក្នុងមួយខែ និងកម្មករផ្នែកវិស័យទេសចរណ៍ ទទួលបាន ៣០ដុល្លារក្នុងមួយខែ។
តែយ៉ាងណាមិញ សម្រាប់គ្រួសារមួយ ឬសមាជិកម្នាក់ក្នុងគ្រួសារនីមួយៗ អាចទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាន ហើយការផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងចាប់ផ្តើមអនុវត្តនៅពេលណានោះ គឺឯកឧត្តម មិនទាន់អាចបញ្ជាក់បាននោះទេ ព្រោះត្រូវរងចាំការចេញយន្តការឲ្យបានច្បាស់លាស់ពីក្រសួងផ្សេងៗដែលពាក់ជាមុនសិន៕