សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត។ កម្ពុជាលើកទឹកចិត្តឱ្យមានការជំរុញការរៀបចំបើកស្ថានទូតនៃប្រទេសទាំងពីរជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនងការទូតកម្ពុជាហុងគ្រីឱ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀតផងដែរ។
បើតាមគេហទំព័រក្រសួងព័ត៌មានកម្ពុជាបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសហុងគ្រី ធ្លាប់បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦ ហើយទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបានកាត់ផ្តាច់នៅអំឡុងរបបខ្មែរក្រហមនា ឆ្នាំ១៩៧៥។ លុះនៅឆ្នាំ ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រីបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ដែលក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីក៏បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់ UNTAC ក្នុងប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។
ដោយឡែក បើមើលទៅលើទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងហុងគ្រីវិញ គឺនៅមានតិចតួចប៉ុណ្ណោះ ពោលគឺ៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានត្រឹមតែជាង ២០លានដុល្លារអាមេរិកប៉ុណ្ណោះ៕
អត្ថបទ សោម ស្រីពេជ្រ