

យោងតាមក្រុមហ៊ុន Beyond Retail Business Cambodia ដែលកំពុងរៀបចំពិព័រណ៍នេះក្នុងនាមឱ្យសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពមួយក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានអ្នកទស្សនារាប់ពាន់នាក់ដែលបានចូលរួមក្នុងពិពិរណ៍នេះ ដែលបានរៀបចំធ្វើឡើងនៅអង្គរប៉ាវីសក្នុងទីក្រុងសៀមរាបពីថ្ងៃទី៨ ដល់ទី៩ ខែមករា ឆ្នាំ២០២២។ អ្នកទស្សទាកាន់តែច្រើនថែមទៀតត្រូវបានរំពឹងថានឹងចូលរួមក្នុងពិព័រណ៍នាពេលខាងមុខនេះក្នុងរាជធានីភ្នំពេញដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែមករា។

កញ្ញា ច័ន្ទ សីមា ប្រធានគម្រោងនៃក្រុមហ៊ុន Beyond Retail Business Cambodia ដែលទទួលខុសត្រូវលើការរៀបចំពិព័រណ៍នេះបានថ្លែងថា៖ «យើងស្ងើចសរសើរជាខ្លាំងចំពោះចំណាប់អារម្មណ៍និងការគាំទ្រផលិតផលខ្មែរ និងក្រុមហ៊ុនផលិតខ្មែរនៅសៀមរាប។ អ្នកដែលចូលមកមើលស្តង់ និងហាងទំនិញមានការចាប់អារម្មណ៍ខ្លាំង ហើយក៏ភ្ញាក់ផ្អើលផងដែរ ដោយសារផលិតផលខ្មែរដែលបានតាំងបង្ហាញមានគុណភាពខ្ពស់។ ប្រជាជនកម្ពុជាភាគច្រើនស្ងើចសរសេរចំពោះផលិតផលស្តង់ដារខ្ពស់បែបនេះ ដែលក្រុមហ៊ុនផលិតខ្មែរអាចផលិតបាន»។

ពិព័រណ៍នៅរាជធានីភ្នំពេញលើកទី១ នឹងធ្វើឡើងនៅថ្ងៃទី២៩ និង៣០ ខែមករានៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលនឹងមានការតាំងបង្ហាញផលិតផលតុបតែងផ្ទះ និងផលិតផលម៉ូដនិងគ្រឿងតុបតែងហើយផលិតផលសុខុមាលភាព និងផលិតផលម្ហូបអាហារនឹងតាំងបង្ហាញនៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈ។

ពិព័រណ៍ផ្សេងៗទៀតគ្រោងនឹងធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ ដែលនឹងមានការតាំងបង្ហាញផលិតផលសុខុមាលភាព និងផលិតផលម្ហូបអាហារ ហើយផលិតផលតុបតែងផ្ទះ និងផលិតផលម៉ូដនិងគ្រឿងតុបតែងនឹងត្រូវបានតាំងបង្ហាញនៅថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ។
កញ្ញា ច័ន្ទ សីមា បានបន្ថែមថា៖ «ដោយផ្អែកលើកសន្ទុះនៃការចូលរួមដែលយើងបានមើលឃើញក្នុងពិព័រណ៍ក្នុងខេត្តសៀមរាប យើងរំពឹងថា អ្នកទស្សនានិងអ្នកប្រើប្រាស់នៅភ្នំពេញនឹងកោតសរសើរផលិតផលនិងក្រុមហ៊ុនផលិតខ្មែរដូចគ្នាដែរ»។

ផលិតផលដែលរំពឹងថានឹងត្រូវយកមកតាំងបង្ហាញ រួមមានសម្លៀកបំពាក់ និងគ្រឿងតុបតែងសម្លៀកបំពាក់ សាប៊ូនិងប្រេងផលិតក្នុងស្រុក ព្រមទាំងម្ហូបអាហារផលិតក្នុងស្រុក និងផលិតផលកសិកម្ម។
ដោយសារមានការគាំទ្រខ្លាំងពីអង្គរប៉ាវីស ក្រុមហ៊ុន ជីប ម៉ុង រីថែល និងធនាគារ ជីប ម៉ុង ពិព័រណ៍នេះនឹងបង្ហាញបទពិសោធដ៏អស្ចារ្យអំពីផលិតផលខ្មែរ។

យោងតាមក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតកម្ពុជាដែលមានបំណងចង់រួមក្នុងការតាំងបង្ហាញផលិតផលនេះ ចាំបាច់ត្រូវបំពេញលក្ខណៈវិនិច្ឆ័យមួយចំនួន រួមទាំងការធ្វើតេស្ដទាក់ទងនឹងប្រភពដើម និងគុណភាពផលិតផលផងដែរ។ ក្រុមហ៊ុនដែលចង់ចូលរួម ក៏នឹងតម្រូវឱ្យផ្ដល់ព័ត៌មានអំពីការទទួលខុសត្រូវផ្នែកក្រមសីលធម៌របស់ក្រុមហ៊ុនផលិតផងដែរ។
ក្រុមហ៊ុនផលិតកម្ពុជាណាមួយដែលមានបំណងចង់ដាក់ពាក្យចូលរួមក្នុងដំណើរការទទួលការជ្រើសរើសដើម្បីបានតាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួន អាចធ្វើការទាញយក និងដាក់ពាក្យសុំតាមរយៈតំណភ្ជាប់នេះ https://forms.gle/v89G3maFY1E6yn7Z8។
ក្រុមហ៊ុន ជីប ម៉ុង និងអង្គរប៉ាវីស គឺជាអ្នកឧបត្ថម្ភពិព័រណ៍ «មោនទភាពកម្ពុជា»នេះ៕