បើទោះបីជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃនៅរក្សាបានតួលេខវិជ្ជមានជាមួយកំណើនជាង១%ក្ដី ប៉ុន្ដែបើមើលទៅលើការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃនៅតែបន្ដដាំក្បាលចុះខ្លាំងដដែល នៅចំពេលដែលប្រទេសថៃបានបិទការនាំចូលផ្លែមៀនប៉ៃលិនពីប្រទេសកម្ពុជា។
របាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបង្ហាញថា ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃ សម្រេចបានទឹកប្រាក់ជិត ៥៧០លានដុល្លារអាមេរិក មានការធ្លាក់ចុះ ៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានទឹកប្រាក់សរុបជិត៨៤០លានដុល្លារអាមេរិក។ ចំណែក ការនាំចូលពីថៃមកកម្ពុជាវិញ មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក មានកើនឡើង ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ជាង៣ពាន់៧រយលានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ភាគច្រើននៃផលិតផល ដែលកម្ពុជា បាននាំទៅប្រទេសថៃ គឺជាប្រភេទកសិផល ដូចជា ត្រី សាច់ បន្លែ គ្រាប់ធុញ្ញជាតិ ថ្នាំជក់ សំណង់រោងចក្រ ឱសថ សម្លៀកបំពាក់ និងវាយនភណ្ឌ ក្រណាត់សូត្រ ត្បូងថ្មមានតម្លៃ ឈើ និងគ្រឿងសង្ហារឹម។ ដោយឡែក ផលិតផលដែលកម្ពុជា បាននាំចូលពីថៃ វិញមានដូចជា ថាមពល ប្រេងឥន្ធនៈ ត្រី សាច់ បន្លែ និងផលិតសម្រេច ដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងឧបភោគ-បរិភោគ គ្រឿងសម្អាង និងសម្ភារសំណង់៕
អត្ថបទ៖ ខន ណារី