ទោះជាបែបនេះក្ដី អ្នកជំនាញសេដ្ឋកិច្ចក៏បានព្រមានអំពីផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា ដោយសារតែវិបត្តិដែលកំពុងកើតមាននៅលើពិភពលោក ដែលបង្កឡើងដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហ៊ុនហាមាស់ប៉ាឡេស្ទីនជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានស្រាវជ្រាវសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភា កម្ពុជា កត់សម្គាល់ឃើញថា នៅរយៈពេលចុងក្រោយនេះ វិនិយោគិនបរទេសកាន់តែច្រើនបានចាប់អារម្មណ៍សម្លឹងឃើញពីឱកាសវិនិយោគនៅកម្ពុជា។ បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កត្តាដែលធ្វើឲ្យកម្ពុជាកាន់តែទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនបរទេស ដោយសារតែកម្ពុជាមានសក្ដានុពលខ្ពស់ខាងវិស័យវិនិយោគ មានកម្រិតប្រាក់ឈ្មួលពលកម្មទាប គួបផ្សំនឹងការដាក់ចេញនូវគោលការណ៍នានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ បើទោះបីជា បានវាយតម្លៃថា ស្ថានភាពវិនិយោគនៅកម្ពុជានៅចុងឆ្នាំ២០២៣ មានភាពវិជ្ជមាន និងកាន់តែល្អប្រសើរនៅឆ្នាំក្រោយក៏ដោយចុះ ប៉ុន្តែលោកបណ្ឌិត គី សេរីវឌ្ឍន៍ នៅតែអះអាងថា វិបត្តិសាកលដែលបាននិងកំពុងកើតមានថ្មីៗនេះ នៅតែបន្តជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា ផងដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា សកម្មភាពចុះបញ្ជីវិនិយោគនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅតែមានកំណើនក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៣នេះ។ សម្រាប់អ្នកជំនាញនៅក្នុងវិស័យវិនិយោគរូបនេះ ការបោះដៃរបស់រាជរដ្ឋាភិ បាលជួយដល់វិស័យឯកជនតាមរយៈការដាក់ចេញនូវយន្ដការផ្សេងៗ រួមទាំងសក្ដានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា មានជាមួយប្រទេសជាដៃគូពាណិជ្ជកម្មនានាផងនោះ គឺសុទ្ធសឹងជាកត្ដាទាក់ទាញឲ្យវិនិយោគអន្តរជាតិងាកមកចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជាកាន់តែច្រើនជាងមុន។
សូមបញ្ជាក់ថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួនសរុប ៧៨គម្រោង បានកើនឡើង ៥,៤% ធៀបនឹងត្រីមាសមុន និងបានកើនឡើង ៥០% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២។ រីឯ ទំហំទុនវិនិយោគ មានសរុបចំនួនជាង ១ពាន់លានដុល្លារ បានកើនឡើងជិត ២៣២% ធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០២២។ ការកើនឡើងនេះ គឺដោយមានការកើនឡើងគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា ការវិនិយោគលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍និងខ្សែបញ្ជូនថាមពលអគ្គិសនី, ការកែច្នៃចំណីអាហារ,ការកែច្នៃដំឡូងមី, ការកែច្នៃកៅស៊ូ, រោងចក្រផលិតដែក និងការពង្រីកផលិតកម្ម ជាដើម។ នេះបើ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕