នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩នេះ ជាថ្ងៃដែលត្រូវបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងក្រុងរណបកាំកូស៊ីធី ដែលធ្វើឡើងនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ ការអភិវឌ្ឍទីក្រុងរណបនេះត្រូវបានផ្អាកតាំងពីឆ្នាំ២០១១មក ដោយសារតែក្រុមហ៊ុនវិនិយោគ Landmark Worldwide និងក្រុមហ៊ុនWorld city របស់កូរ៉េមានបញ្ហា មិនបានសងប្រាក់ដល់ធនាគារប៊ូសាន សូម្បីតែមួយសេន នាំឲ្យធនាគារប៊ូសានបានក្ស័យធន។ ហើយពលរដ្ឋចំនួន ៣៨.០០០នាក់ ដែលបានដាក់ប្រាក់បញ្ញើរនៅក្នុងធនាគារនេះ មិនទាន់ទទួលបានសំណងនៅឡើយទេ តាំងពីឆ្នាំ២០១១មក ដោយសារលោក លី សាំងហូ ម្ចាស់ក្រុមហ៊ុន World City បានយកប្រាក់បញ្ញើរបស់ពលរដ្ឋទាំង៣៨.០០០នាក់ ចំនួន ២៥០ ពាន់លានវុន (ជាង ២០០ លានដុល្លារអាមេរិក) ហើយបើបូកទាំងការប្រាក់ (គិតត្រឹមខែឧសភា ២០១៩) ទំហំកម្ចីនេះ បានកើនឡើងដល់ប្រមាណ ៦៥០ ពាន់លានវ៉ុន (ប្រមាណ ៥៥០ លានដុល្លារអាមេរិក) ទៅប្រើប្រាស់ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន។
ក្រោយពីរឿងក្ដីនេះ ចាប់ផ្ដើមកាលពីឆ្នាំ ២០១៦ សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានកាត់ក្ដី ឲ្យភាគីស្ថាប័នរដ្ឋកូរ៉េ KDIC ចាញ់ម្ដងរួចទៅហើយ។ ប៉ុន្ដែ តុលាការកំពូលបានបញ្ជូនរឿងក្ដីនេះ មកវិញ ឲ្យជំនុំជំរះ សាជាថ្មី ចំនួន ពីរលើក ហើយរឿងក្ដីនេះ កំពុងត្រូវបានដោះស្រាយនៅសាលាឧទ្ធរណ៍។
ក្រោយពីចាកចេញពីបន្ទប់សវនការលោក ចន ជេស៊ូ នៅរសៀលថ្ងៃទី ១៤ ខែមិថុនានេះ សមាជិករដ្ឋសភាកូរ៉េបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា លោកស្នើដល់ តុលារការ និងរាជរដ្ឋាភិបាលកម្ពុជាឲ្យជួយរកយុត្តិធម៌ដល់ពលរដ្ឋកូរ៉េ ទាំង ៣៨.០០០នាក់ នៅក្នុងករណីវិនិយោគក្រុងរណបកាំកូស៊ីធី ដែលត្រូវបានលោក លី សាំង យកប្រាក់បញ្ញើរបស់ពលរដ្ឋទាំងនេះមក តាមរយៈធនាគារប៊ូសាន យកមកធ្វើការ អភិវឌ្ឍទីក្រុងរណបកាំកូស៊ី នៅកម្ពុជានោះ។
លោក ចន ជេស៊ូ បញ្ជាក់ថា “នេះមិនមែនជារឿងដែលកើតរវាងក្រុមហ៊ុនឯកជន និងក្រុមហ៊ុនឯកជនទេ គឺវាមានពាក់ព័ន្ធរដ្ឋាភិបាលខ្លះដែរ ដោយហេតុថា បញ្ហានេះវានឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រយោជន៍សាធារណៈ ដូច្នេះ នៅថ្ងៃនេះឯកអគ្គរដ្ឋកូរ៉េ និងខ្ញុំតំណាងរាស្រ្តមកពីកូរ៉េ ដើម្បីចូលរួមស្តាប់ការជំនុំជម្រះក្តីនេះនៅតុលារការកម្ពុជា “ ។
ចំពោះការផ្អាកសវនាការនៅក្នុងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះវិញ លោកសមាជិកសភា បានលើកឡើងថា “ ធម្មតាតុលាការគេត្រូវតែអនុវត្តទៅតាមនីតិវិធីផ្លូវច្បាប់ ដូច្នេះប្រហែលជាបញ្ហាផ្ទៃក្នុងតុលាការ តែក្នុងនាមខ្ញុំជាតំណាងរាស្រ្តការពារផលប្រយោជន៍ដល់ពលរដ្ឋកូរ៉េ គឺសង្ឃឹមថា តុលាការកម្ពុជានឹងស្វែងរកភាពយុត្តិធម៌បាន។យើងខ្ញុំជាសភានឹងព្យាយាមសហការជាមួយស្ថាប័នរដ្ឋកូរ៉េ KDIC ដើម្បីជួយជំរុញឲ្យគម្រោងកាំកូស៊ីដំណើរការដល់ទីបញ្ចប់ ហើយមានការតបស្នងត្រឹមត្រូវ និងសមរម្យដល់ជនរងគ្រោះ ៣៨.០០០នាក់ រីឯអ្នកតំណាងកាំកូស៊ីធី ឈ្មោះ លី សាំងហូ គឺកំពុងត្រូវបានអយ្យការកូរ៉េ នៅអាំងទែប៉ូលតាមចាប់ខ្លួន ដើម្បីបញ្ជូនទៅប្រទេសកូរ៉េវិញ” ។
ដោយសារតែខាងសាលាឧទ្ធរណ៍សុំលើកពេលភ្លាមៗ ដូច្នេះខាងក្រុមតំណាងរាស្រ្តមិនបានត្រៀមខ្លួនក្នុងការជួបរដ្ឋាភិបាលកម្ពុជាទេ ក្រុមការងាររបស់ប្រតិភូក៏បានបានធ្វើលិខិតស្នើសុំជាផ្លូវការតាមរយៈក្រសួងការបរទេស រួចរាល់ហើយដែរ ដើម្បីជួបពិភាក្សាលើបញ្ហានេះ។
គម្រោងកាំកូស៊ីធី ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុនកូរ៉េ Landmark Worldwide ដែលមានលោកលី សាំងហូ ជាអគ្គនាយកប្រតិបត្តិ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញ ដើម្បីសាងសង់អគារស្នាក់នៅទំនើបលើផ្ទៃដី ១២០ហិកតា នៅភាគពាយព្យនៃរាជធានីភ្នំពេញ។ តែក្រោយគម្រោងក្រុងរណបត្រូវបានផ្អាកដំណើរការតាំងពីដំណាក់កាលទី១ (ឆ្នាំ២០១១) ខណៈដែលគម្រោងនេះ មានរហូតដល់ទៅ ៦ដំណាក់កាល។ ក្រុមហ៊ុនកូរ៉េ Landmark Worldwide ដែលមានលោកលី សាំងហូ ជាអគ្គនាយកប្រតិបត្តិនេះ បានពឹងផ្អែកយ៉ាងខ្លាំងទៅលើសាខាធនាគារមួយចំនួន នៃធនាគារ ប៊ូសាន Busan saving bank group នៅប្រទេសកូរ៉េ។
តាមការបញ្ជាក់ ពីតំណាងរាស្ត្រកូរ៉េ បានឲ្យដឹងថា លោក លី សាំងហូ គឺមិនបានយកដើមទុនខ្លួនឯង មកធ្វើការវិនិយោគលើក្រុមហ៊ុនកាំកូស៊ីធីទេ គឺបានយកកម្ចីឥណទានពីធនាគារប៊ូសាន ដែលប្រភពលុយបានមកពីពលរដ្ឋកូរ៉េ ៣៨.០០០ នាក់មកធ្វើការវិនិយោគកន្លងមក ដូច្នេះគម្រោងនេះ ទើបតែចាប់ផ្តើមបានដំណាក់កាលទី១ទេ ហើយក៏ត្រូវបានផ្អាកតាំងពីឆ្នាំ២០១១ មកដល់ពេលនេះ។
ចាប់តាំងពីធនាគារប៊ូសាន បានក្ស័យធនតាំងពីឆ្នាំ២០១១ រហូតមកដល់នឹងពេលនេះ មានរយៈពេលយូរដែរហើយ ដែលពលរដ្ឋកូរ៉េរងគ្រោះមិនទាន់បានទទួលសំណងអ្វីទាំងអស់ ដោយកំពុងតែប្រឈមមុខនឹងស្ថានភាពលំបាក ហើយរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ និងសមាជិកសភាកូរ៉េ កំពុងតែព្យាយាមតាមដានពីបញ្ហានេះ ដោយបានសហការជាមួយខាងអយ្យការកូរ៉េនៅអាំងទែប៉ូល ដើម្បីតាមចាប់ បុគ្គលឈ្មោះ លី សាំងហូ ផងដែរ។
ចំពោះសវនាការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ ក្រុមតំណាងមកពីកូរ៉េ មិនទាន់ច្បាស់ថា នឹងអាចចូលរួមបានឬអត់ តែលោកសមាជិកសភារូបនេះ អះអាងថា រដ្ឋាភិបាលកូរ៉េ នឹងតាមដានពីបញ្ហានេះ៕