របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពីខែមករា ដល់ដំណាច់ខែមិថុនាឆ្នាំ២០១៩ ក្រសួងរៀបចំដែនដីបានផ្ដល់លិខិតអនុញ្ញាតសាងសង់សរុប ចំនួនជាង ៤.០៤៧ គម្រោង ដែលមានតម្លៃទុនវិនិយោគជាង ៣.៣៩២ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៨ មានចំនួនគម្រោងត្រឹម ១.៦៤៣ គម្រោង ជាមួយតម្លៃទុនវិនិយោគ ២.១៥៣ លានដុល្លារអាមេរិកបានកើនឡើង ៥៧ភាគរយ។
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ការកើនឡើងវិស័យសំណង់នៅក្នុងឆ្នាំ ២០១៩នេះ ដោយសារតែមានការស្នើសុំវិនិយោគពីគម្រោងធំៗ មានដូចជា អគារពាណិជ្ជកម្ម សណ្ឋាគារ រមណីយដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ទីក្រុងរណប បុរីលំនៅដ្ឋាន សំណង់ផ្ទះល្វែង និងភូមិគ្រឹះ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង រោងចក្រម៉ាស៊ីនកិនស្រូវ និងឡសម្ងួត តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។
ឯកឧត្តមបញ្ជាក់ថា នេះជាការវិវត្តថ្មីនៃការវិនិយោគវិស័យសំណង់នៅកម្ពុជា ដែលភាគច្រើននៃកំណើន គឺបានចូលរួមពីការវិនិយោគផ្នែក សំណង់អគារលំនៅដ្ឋានមានចំនួនគម្រោង ១.៧៧៤ គម្រោង ជាមួយទុនវិនិយោគ ១.៥៣២ លានដុល្លារ និងបើគិតជាខ្នងផ្ទះមានជាង ៤ពាន់ខ្នង។ ទន្ទឹមនឹងនេះ ក៏មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានចំនួន ១៦៩ អគារ ក្នុងនោះ ខេត្តព្រះសីហនុមាន ២៣អគារ។
ក្នុងរយៈពេលដូចគ្នានេះដែរ ចំពោះបណ្តុំលំនៅដ្ឋានលក្ខណៈបុរីក្នុងក្របខណ្ឌទូទាំងប្រទេស គឺមានរហូតដល់១៧ ទីតាំង ជាមួយតម្លៃទុនវិនិយោគសរុប ៥៣២ លានដុល្លារ ខណៈសំណង់សណ្ឋាគារមាន២៥ ទីតាំង អគារពាណិជ្ជកម្ម មាន ១២៣ ទីតាំង ជាមួយនឹងទុនវិនិយោគជាង ១ពាន់លានដុល្លារ សំណង់ពហុមុខងារមាន ២៧ទីតាំង ដែលមានទុនវិនិយោគ ៨៥៦លានដុល្លារ និងសំណង់រោងចក្រមាន ៥៤ គម្រោង ដែលមានតម្លៃទុនវិនិយោគ ៤២៦ លានដុល្លារ និងអគារផ្ទះល្វែងជាង ១ម៉ឺនខ្នង ដែលមានតម្លៃទុនវិនិយោគ ៦៩១ លានដុល្លារ៕