ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

ថ្នាក់ដឹកនាំ CDC ជំរុញឲ្យរោងចក្រផ្គុំរថយន្ត និងរោងចក្រផ្សេងៗនៅកម្ពុជាប្រើវត្ថុធាតុដើមក្នុងស្រុក


ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានគូសបញ្ជាក់ថ្មីៗនេះថា ស្ថានភាពវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជានៅត្រីមាសទី១ឆ្នាំនេះ នៅតែបង្ហាញសញ្ញណវិជ្ជមានគួរឲ្យកត់សម្គាល់ បើទោះបីស្ថានភាពសេដ្ឋកិច្ច និងបញ្ហាភូមិសាស្ត្រនយោបាយសកលនៅតែមានភាពតានតឹងក៏ដោយ។ ការណ៍នេះបានបង្ហាញឲ្យឃើញថា កម្ពុជានៅតែជាគោលដៅវិនិយោគ ដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រូបភាព៖ CDC
ដោយ

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំ CDC វិស័យវាយនភ័ណ្ឌទទួលបានការវិនិយោគច្រើនជាងគេនៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងវិស័យ ដែលជាសសរស្តម្ភសេដ្ឋកិច្ចរបស់កម្ពុជា ៣ផ្សេងទៀត។ យ៉ាងណាមិញ ថ្នាក់ដឹកនាំរូបនេះចង់ឃើញគម្រោងវិនិយោគនៅកម្ពុជាប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក ដែលជាផ្នែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាយល់ឃើញថា ការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឲ្យមកបណ្តាក់ទុនវិនិយោគវាជារឿងចាំបាច់មួយក្នុងការជួយជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ។ ប៉ុន្ដែ អ្វីដែលរឹតតែសំខាន់ទៀតនោះ គឺឯកឧត្តមចង់ឃើញគម្រោងវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ដូចជា រោងចក្រផ្គុំ និងដំឡើងរថយន្ត និងរោងចក្រផ្សេងទៀតប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជាកៅស៊ូ និងដំណាំាកសិឧស្សាហកម្មដទៃទៀត។ ការចង់ឃើញបែបនេះ ក៏ដោយសារ វាជាផ្នែកមួយក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងស្រុក ជាពិសេសជួយអភិវឌ្ឍការដាំដុះដំណាំ ដែលបម្រើឲ្យឧស្សាហកម្មនៅកម្ពុជា។

ពាក់ព័ន្ធស្ថានភាពវិនិយោគនៅកម្ពុជាវិញ ឯកឧត្តម សុខ ចិន្ដាសោភាមើលឃើញថា ការវិនិយោគលើគម្រោងថ្មីៗ និងការពង្រីកផលិតកម្មនៅកម្ពុជានៅតែបង្ហាញភាពល្អប្រសើរ បើទោះបីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាភាពតានតឹងភូមិនយោបាយបាន និងកំពុងដាក់សម្ពាធមកលើសេដ្ឋកិច្ចតំបន់ និងពិភពលោកក្ដី។

ពាក់ព័ន្ធការវិនិយោគនៅកម្ពុជានេះដែរឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ទន្ទឹមនឹងទាក់ទាញបរិមាណនៃគម្រោងវិនិយោគ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញគម្រោងវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងផ្តល់ប្រាក់ខែខ្ពស់សម្រាប់កម្មករនិយោជិត។ ឯកឧត្តមន្ថែមថា ការទាក់ទាញការវិនិយោគមិនមែនជាការងាររបស់ក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែម្នាក់ឯងនោះទេ ពោលគឺវាជាកិច្ចការងាររបស់រាជរដ្ឋាភិបាលទាំងមូល។ លើសពីនេះ ការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសផ្សេងៗវាមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការទាក់ទាញការវិនិយោគ ពោលគឺត្រូវទាមទារឲ្យមានការគិតគូរៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងការអភិវឌ្ឍវិស័យគាំទ្រឲ្យបានជាក់លាក់ និងភាពល្អប្រសើរបន្ថែមទៀត។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម សុខ ចិន្តាសោភា វិស័យវាយនភ័ណ្ឌទទួលបានការវិនិយោគពីវិនិយោគិនជាតិ និងអន្តរជាតិច្រើនជាងគេក្នុងចំណោមគម្រោងវិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនៅត្រីមាសទី១ឆ្នាំនេះ។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់លម្អិតពីចំនួនគម្រោង និងទំហំវិនិយោគដែល CDC បានអនុម័តនៅ៣ខែដំបូងឆ្នាំនេះមានចំនួនប៉ុន្មាននោះទេ។ គួរបញ្ជាក់ថា នៅឆ្នាំ២០២២ កន្លងទៅ CDC បានអនុម័តគម្រោងវិនិយោគចំនួន១៨៦គម្រោង ដែលភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម ដែលមានចំនួនរហូត១៦៣គម្រោង។ ក្នុងនោះ វិនិយោគិនក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី១ ដែលមានការវិនិយោគច្រើនជាងគេ ដែលគ្របដណ្ដប់រហូតជាង ៥៣% នៃគម្រោងសរុប ខណៈចិន ឈរនៅលំដាប់ទី២ ដែលមានជាង ៤០% នៃគម្រោងសរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕




អត្ថបទបន្ទាប់


ការនាំចេញទំនិញរបស់កម្ពុជាសម្រេចបានជាង ៥,៣ពាន់លានដុល្លារ ធ្លាក់ចុះជាង ៥% នៅត្រីមាសទី១ក្នុងឆ្នាំ២០២៣

ការនាំចេញទំនិញសរុបរបស់កម្ពុជានៅត្រីមាសទីដំបូងនៅឆ្នាំនេះ បានបង្ហាញពីសញ្ញាណធ្លាក់ចុះគួរឲ្យកត់សម្គាល់ ចំពេលដែលតម្រូវការទីផ្សារសកលក៏កំពុងម…

ក្រុមហ៊ុនយក្សTesla គ្រោងបង្កើតរោងចក្រស្តុកថាមពលនៅទីក្រុងស៊ាងហៃ ដើម្បីលក់ចែកចាយទូទាំងពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួរបស់ប្រទេសចិនបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី៩ ខែមេសាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc របស់សហរដ្ឋអាមេរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ