
បន្ទាប់ពីសហការគ្នារយៈពេលជាង១ឆ្នាំ រវាងស្ថាប័ន Malaysia Digital Economy Corporation Sdn.Bhd ( MDEC) ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលម៉ាឡេស៊ី ជាមួយនឹងក្រុមហ៊ុន IG Tech Group ដែលធ្វើការងារលើផ្នែកដំណោះស្រាយឌីជីថល (Digital Solutions) នៅទីបំផុត ស្ថាប័នទាំង២នេះ ក៏សម្រេចចុះកិច្ច ព្រមព្រៀងជាផ្លូវការជាមួយគ្នា ដើម្បីបង្កើត មជ្ឈមណ្ឌលឧត្តមភាព (Center of excellence) មួយ ដើម្បីប្រមូលផ្តុំអ្នកជំនាញ ផ្នែកបច្ចេកវិទ្យា សម្រាប់ប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយ ផ្នែកប្រព័ន្ធឌីជីថល ទៅលើវិស័យចំនួន ៤នៅកម្ពុជា រួមមាន សន្ដិសុខបណ្ដាញអ៊ីធើណែត (Security Internet), ប្រព័ន្ធធានារ៉ាប់រង (Insurance system) , ការលាងលុយកខ្វក់ (Money Laundering) និង វិស័យ អប់រំផងដែរ។
លោក Gopi Ganesalingam អនុប្រធានស្ថាប័ន MDEC បានថ្លែងថា ការសហការគ្នា ជាមួយIG Tech Group ដើម្បីបង្កើតមជ្ឈមណ្ឌលឧត្តមភាពនាពេលនេះ ពិតជាមានប្រយោជន៍ណាស់ ព្រោះតែបច្ចុប្បន្ននេះ បណ្តាប្រទេសនៅក្នុងតំបន់ អាស៊ានកំពុងពិភាក្សាគ្នា យ៉ាងផុសផុល អំពី សេដ្ឋកិច្ចឌីជីថល (Digital Economy) ។ លោកបន្តថា ស្ថាប័ន MDEC នឹងនាំក្រុមហ៊ុនប្រមាណជាង ៣០០ ដែលចង់ពង្រីកសក្តានុពលនៃការផ្ដល់នូវដំណោះស្រាយផ្នែកឌីជីថល (Digital Solutions) ឲ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា នៅគ្រប់បណ្តាប្រទេសតំបន់ទម្លេមេគង្គ។

ជាមួយគ្នានេះដែរ លោក គីម ពុទ្ធគិរី ប្រធានក្រុមហ៊ុន IG Tech Group បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនេះ នឹងអាចដោះស្រាយបញ្ហាបានកាន់តែច្រើនបន្ថែមទៀត ដែលពាក់ព័ន្ធនឹងវិស័យសំខាន់ៗ ទាំង៤នៅម្ពុជា ហើយនឹងរំពឹងថាដំណោះស្រាយផ្នែកឌីជីថល (Digital Solutions) នឹងអាចមានការអនុវត្តបន្ថែមទៀតនៅគ្រប់ប្រទេសក្នុងតំបន់អាស៊ាន។

សព្វថ្ងៃនេះ ប្រព័ន្ធដំណោះស្រាយផ្នែក ឌីជីថល (Digital Solution System) ទើបតែដាក់ដំណើរនៅក្នុងប្រទេសកម្ពជា និងឡាវ តែប៉ុណ្ណោះ ខណៈដែលប្រធានស្ថាប័នទាំង ២នេះ រំពឹង នឹងអាចដាក់ដំណើរការប្រព័ន្ធនេះ ទៅកាន់ប្រទេសមួយចំនួនទៀតរួមមានថៃ វៀតណាម និងភូមាជាដើម៕