លោកស្រីចៅក្រម លីនដា ចាន់ (Linda Chan) នៅតុលាការហុងកុង បានចេញសាលដីកាបង្គាប់ឱ្យលក់ឡាយឡុងក្រុមហ៊ុនយក្សចិន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជំពាក់បំណុលច្រើនបំផុតរបស់ពិភពលោក ជាមួយនឹងបំណុលសរុបរហូតដល់ទៅជាង៣០០ពាន់លានដុល្លារ បន្ទាប់ពីកត់សម្គាល់ឃើញថា ក្រុមហ៊ុននេះមិនអាចផ្តល់ផែនការជាក់លាក់សម្រាប់ការរៀបចំបំណុលឡើងវិញ ពោលគឺ២ឆ្នាំក្រោយពីខកខានទូទាត់សងថ្លៃបណ្ណបំណុល និងក្រោយឡើងសវនាការជំនុំជម្រះជាច្រើនលើក។
លោកស្រីចៅក្រម លីនដា ចាន់ បានបញ្ជាក់ថា ល្មមគ្រប់គ្រាន់ហើយ តុលាការហុងកុង មិនអាចយោគយល់ និងទុកពេលឱ្យក្រុមហ៊ុន Evergrande ទៀតបានឡើយ។
នាយកប្រតិបត្តិក្រុមហ៊ុន Evergrande លោក ស៊ីវ ស្សន (Siu Shawn) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិន ថា ក្រុមហ៊ុនរបស់លោកនឹងនៅតែធានាប្រគល់ជូនគម្រោងសាងសង់លំនៅឋាននានាជូនអតិថិជនដដែល ទោះបីជាតុលាការហុងកុង ចេញសាលដីកាបង្គាប់ឱ្យលក់ឡាយឡុងក្រុមហ៊ុននេះចោលក៏ដោយ។ លោកបានបន្ថែមថា សាលដីកាបង្គាប់នេះនឹងមិនប៉ះពាល់ដល់ដំណើរការនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Evergrande នៅចិនដីគោក និងនៅបរទេសនោះឡើយ។
បណ្ដាវិនិយោគិននៅបរទេសនឹងផ្ដោតយកចិត្តទុកដាក់ខ្លាំង និងរង់ចាំមើលថា តើរដ្ឋាភិបាលចិន នឹងដោះស្រាយជាមួយម្ចាស់បំណុលនៅបរទេសបែបណា នៅពេលក្រុមហ៊ុនយក្សចិន ដួលរលំបែបនេះ។
លោក ហ្គារី អ៊ឹង (Gary Ng) អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ណាទីស៊ីស (Natixis) បាននិយាយថា ការចេញសាលដីកាបង្គាប់នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៃដំណើរការរម្លាយក្រុមហ៊ុនដ៏អូសបន្លាយ ដែលនឹងធ្វើឱ្យដំណើរការប្រចាំថ្ងៃរបស់ក្រុមហ៊ុន Evergrande កាន់តែពិបាក។ ដោយសារទ្រព្យសកម្មភាគច្រើនរបស់ក្រុមហ៊ុន Evergrande ស្ថិតនៅចិនដីគោក គឺម្ចាស់បំណុលពិបាកនឹងរឹបអូសទ្រព្យសកម្មរបស់ក្រុមហ៊ុននេះដើម្បីទូទាត់សងបំណុលណាស់ ហើយស្ថានភាពគឺកាន់តែអាក្រក់សម្រាប់ភាគហ៊ុនិក។
សូមបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande បានធ្លាក់ចុះដល់ទៅ២០%នៅមុនសវនាការជំនុំជម្រះនេះ។ ហើយការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande និងបុត្រសម្ព័ន្ធរបស់ខ្លួនរួមមាន ក្រុមហ៊ុនផលិតរថយន្ត China Evergrande New Energy Vehicle Group និងក្រុមហ៊ុនផ្ដល់សេវាគ្រប់គ្រងអចលនទ្រព្យ Evergrande Property Services ត្រូវបានបញ្ឈប់ ក្រោយការចេញសាលដីការនេះ៕
ដោយ: តែម សុខុម