វិស័យSME

រំហូរផលិតផលពីបរទេសមានតម្លៃថោកៗ កំពុងបង្កជាក្តីបារម្ភដល់វិស័យ SME របស់កម្ពុជា


យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះហាងលក់ទំនិញនាំចូលពីបរទេសក្នុងតម្លៃថោកៗនៅកម្ពុជា បានរីកដុះដាលគួរឱ្យកត់សម្គាល់។ ការហូរចូលទំនិញមានតម្លៃថោកៗនេះ បានផ្តល់ទាំងផលប្រយោជន៍ និងផលប៉ះពាល់។ ក្រុមអ្នកជំនាញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម យល់ឃើញថា ការហូរចូលទំនិញមានតម្លៃថោកៗពីបរទេសមកកាន់ទីផ្សារកម្ពុជានេះ ចង់ ឬមិនចង់វានឹងបង្កជាការគំរាមកំហែងដល់ទីផ្សារ និងខ្សែច្រវាក់ផលិតរបស់សហគ្រាស និងក្រុមហ៊ុនផលិតក្នុងស្រុក។
វិស័យ SME
ដោយ

តើការហូរចូលទំនិញមានតម្លៃថោកៗពីបរទេសនេះ បានបង្កក្តីបារម្ភដល់វិស័យ SME កម្រិតណា? ហើយ​រាជរដ្ឋាភិបាល គួរមានវិធានការបែបណាចំពោះបញ្ហានេះ?

លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ទទួលស្គាល់ថា បើទោះបីកម្ពុជាសម្បូរធនធាន និងវត្ថុធាតុសម្រាប់បម្រើឱ្យការកែច្នៃក៏ដោយ តែផលិតផលដែលផលិត និងកែច្នៃក្នុងស្រុកមិនទាន់អាចប្រកួតប្រជែងលើតម្លៃជាមួយផលិតផលនាំចូលពីប្រទេសបាននៅឡើយទេ ពោលគឺថ្លៃដើមផលិតនៅក្នុងស្រុកនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់។

បញ្ហានេះបានជំរុញឱ្យផលិតផល ដែលផលិត និងកែច្នៃក្នុងស្រុកមួយចំនួនហាក់មានតម្លៃខ្ពស់ជាងផលិតផលនាំចូលពីបរទេស។ កត្តានេះបានជំរុញហាងលក់ទំនិញនាំចូលពីបរទេសមានតម្លៃថោកៗមានការរីកដុះដាលយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ ដែលកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ផលិតកម្មក្នុងស្រុក។

សម្រាប់ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជារូបនេះ ដើម្បីឱ្យទីផ្សារផលិតផលខ្មែរមានដំណើរការល្អ គឺសហគ្រិនត្រូវព្យាយាមកាត់បន្ថយការចំណាយខ្ជះខ្ជាយណាដែលមិនចាំបាច់ និងបង្កើនផលិតភាពកាត់បន្ថយថ្លៃដើម ព្រមទាំងពង្រីកទីផ្សារឲ្យបានកាន់តែធំទូលាយ ដើម្បីអាចឲ្យថ្លៃដើមធ្លាក់ចុះ និងអាចប្រកួតប្រជែងលើតម្លៃជាមួយនឹងផលិតផលនាំចូល។

ទន្ទឹមនេះ លោកជំទាវ កែវ មុំ ស្នើឱ្យក្រសួងពាក់ព័ន្ធពង្រឹងតាមមាត់ច្រកនាំចូល ទាំងច្រកអន្តរជាតិ និងច្រករបៀង ដោយមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវគុណភាពផលិតផលឱ្យបានហ្មត់ចត់ និងជួយពង្រឹងការនាំចូលដោយខុសច្បាប់។ អ្នកជំនាញរូបនេះជឿជាក់ថា បើអាជ្ញាធរមានសមត្ថកិច្ចមិនពង្រឹងបែបនេះទេ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងមិនស្មើភាពគ្នា ដែលជាកត្តាធ្វើឲ្យផលិតផលក្នុងស្រុកនៅតែមិនអាចប្រកួតប្រជែងតម្លៃទៅលើទីផ្សារជាមួយផលិតផលនាំចូល។

ស្រដៀងគ្នានេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា យល់ឃើញថា ប្រសិនបើបណ្ដែតបណ្ដោយឱ្យមានការនាំចូលផលិតផលពីក្រៅប្រទេសមានតម្លៃថោកៗចូលមកទីផ្សារកម្ពុជា នោះវានឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរខ្សែច្រវាក់ផលិតកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

បើតាមអ្នកជំនួញជើងចាស់រូបនេះ ទំនិញរបស់កម្ពុជាហាក់មានការពិបាកក្នុងការនាំចូលទៅកាន់ប្រទេសដ៏ទៃ បើទោះបីកម្ពុជា បានចូលក្នុងសមាហរណកម្មសមាគមសេដ្ឋកិច្ចអាស៊ាន តាំងពីឆ្នាំ២០១៦ក៏ដោយខណៈប្រទេសដ៏ទៃអាចនាំចូលទំនិញមកកាន់ទីផ្សារកម្ពុជាជាហូរហែ។ ជាពិសេសមានការតាំងលក់នៅក្នុងកម្មវិធីពិព័រណ៍ធំៗរបស់ជាតិទៀតផង ដែលបញ្ហានេះបង្កផលប៉ះពាល់ដល់ផលិតខ្មែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា លោកមិនហាមឃាត់មិនឱ្យមានការនាំចូលនោះទេ តែការនាំចូលត្រូវតែធានាថាផលិតផលមានគុណភាពល្អ និងមានការបង់ពន្ធត្រឹមត្រូវ។

​ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ឃើញថា មកទល់ពេលនេះទីផ្សារលក់ផលិតផលរបស់ពលរដ្ឋខ្មែរនៅតែមានបញ្ហាប្រឈម។ បើតាមមន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ បើទោះបីមានការអនុវត្តន៍គោលនយោបាយទីផ្សារសេរីក៏ដោយ ក៏គេមិនគួរអនុវត្តន៍ឱ្យម្ចាស់ស្រុករងផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនោះដែរ ប៉ុន្តែគេគួរតែមានវិធានការការពារអ្នកផលិតក្នុងស្រុក។ ទន្ទឹមនេះ លោកស្នើឱ្យអ្នកសហគ្រិននៅកម្ពុជា ក៏គួរតែគិតគូរផលិតផលិតដែលមានគុណភាពសម្រាប់នាំចេញកាន់ទៅប្រទេសផ្សេងៗ និងជៀសវាងផលិតផលិតផលដូចគ្នា។

​ជាមួយគ្នានេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះ យល់ឃើញថា ស្ថាប័នពាក់ព័ន្ធក៏គួរផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យពលរដ្ឋមានការយល់ដឹងមុននឹងចាប់ផ្ដើមផលិតផលិតផលអ្វីមួយ។ លើសពីនេះ ត្រូវជួយកាំទ្រតាមរយៈការផ្ដល់បច្ចេកទេសកែច្នៃវត្ថុធាតុដើម និងការជួយស្វែងរកទីផ្សារដល់សហគ្រិននៅក្រៅប្រទេសជាដើម៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


កម្ពុជា-តួកគី ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យដល់១ពាន់លានដុល្លារ និងបើកជើងហោះហើរត្រង់រវាងគ្នា

កម្ពុជា-តួកគី បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់១ពាន់លានដុល្លារនៅពេលខាងមុខ។ ជាមួយគ្នានេះ តួកគីក៏គ្រោងពង្រីកហោះហើ…

បាតុភូតអែលនីណូទាញទម្លាក់ទិន្នផលទុរេនកំពត ឱ្យធ្លាក់ចុះ ស្របពេលតម្លៃទូរេនក៏ធ្លាក់ចុះនៅឆ្នាំនេះ

ដំណាំទុរេនកំពត កំពុងរងការគំរាមកំហែងពីបាតុភូតអែលនីណូ ដែលបានបង្កឱ្យមានការខូចខាតដល់ការដាំដុះរបស់ប្រជាពលរដ្ឋជាច្រើន ពោលគឺមានផ្លែទុរេនជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ