ថ្មីៗនេះ ក្រសួងការងារបានបញ្ចេញឲ្យដឹងនូវករណីឆបោករបស់ក្រុមហ៊ុនជ្រើសរើសពលករមួយ ឈ្មោះCJ LABOUR SUPPLY CO., LTD ដោយក្រសួងអះអាងថា ក្រុមហ៊ុននេះគ្មានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងទេ។
ក្នុងប្រកាសព័ត៌មានចុះថ្ងៃទី១២ មេសា ឆ្នាំ២០១៨ ក្រសួងការងារប្រកាសថា ក្រសួងមិនបានផ្ដល់អាជ្ញាប័ណ្ណ និងអនុញ្ញាតឲ្យក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ (CJ Labour Supply Co., Ltd.) ដើម្បីជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ថៃ គូវ៉ែត ហុងកុង និងទៅធ្វើកម្មសិក្សាការីនៅប្រទេសជប៉ុននោះទេ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសថា ក្រុមហ៊ុន CJ Labor Supply ខាងលើ បាននិងកំពុងឆបោកសាធារណជន ដោយបានក្លែងបន្លំប្រកាសអនុញ្ញាតរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធ្វើជាទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ដោយបានធ្វើការជ្រើសរើសពលករទៅធ្វើការនៅតំបន់រដ្ឋបាលពិសេស ហុងកុង។
ក្នុងករណីនេះ ក្រសួងឲ្យដឹងបន្តថា ក្រសួងកំពុងរៀបចំសំណុំឯកសារប្ដឹងទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទៅលើក្រុមហ៊ុនពាក់ព័ន្ធនឹងការឆបោកខាងលើ។
គួរបញ្ជាក់ថា ក្រុមហ៊ុន CJ Labor Supply មានអាសយដ្ឋាននៅអគារលេខ ១៣ ផ្លូវ ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដើម្បីពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ លោកអ្នកនាងអាចចូលមើលនៅលើគេហទំព័រក្រសួង www.mlvt.gov.kh បាន៕