សារព័ត៌មាន ដដែលនេះ បានស្រង់សម្ដី លោក Wen Ku មន្រ្តីនាំពាក្យ របស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានលាតត្រដាង ឲ្យដឹងថា ប្រទេសចិន រួមជាមួយនឹងប្រទេសជាច្រើននៅទូទាំងពិភពលោក បានធ្វើការងារជាច្រើនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលបណ្ដាញ 5G នេះឡើង។ ហើយមកទល់ពេលនេះ ផលិតផលនេះ មានវឌ្ឍនភាពល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះ បណ្ដាញបច្ចេកវិទ្យាថ្មីនេះ គឺរួចរាល់ហើយសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។
លោក Wen បានឲ្យដឹងទៀតថា រដ្ឋាភិបាលចិន នឹងបន្តអភិវឌ្ឍគោលនយោបាយ និងបរិយាកាសអាជីវកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់សហគ្រាស ដើម្បីឲ្យប្រាកដថា ការប្រើប្រាស់បណ្ដាញ 5G នេះ នឹងទទួលបានដោយជោគជ័យ។
ជាមួយគ្នានេះ មន្ត្រីរដ្ឋាភិបាលចិនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា រដ្ឋាភិបាលចិន នឹងគាំទ្រកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនHuawei ជាមួយនឹងបណ្ដាក្រុមហ៊ុនបរទេសផ្សេងទៀត ហើយ ចិនក៏សង្ឃឹមថា ប្រទេសជាច្រើននៅទូទាំងពិភពលោក អាចផ្ដល់ឲ្យនូវបរិយាកាសស្មើភាពគ្នា និងប្រកបដោយហេតុផល ដើម្បីគាំទ្រដល់ក្រុមហ៊ុនរបស់ខ្លួន សហការជាមួយនឹងក្រុមហ៊ុនបរទេសដូចគ្នាដែរ៕
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei ត្រូវបាន គេដឹងថា គឺជាក្រុមហ៊ុនចិនមួយ ដែលទទួលបានសិទ្ធិផ្គត់ផ្គង់សេវា 5G នេះទៅកាន់អ្នកប្រើប្រាស់នៅក្នុងប្រទេសជាច្រើន នៅទូទាំងពិភពលោក។ ប៉ុន្ដែ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិន មួយនេះ ក៏ទើបតែត្រូវបានសហរដ្ឋអាមេរិក ចាត់ចូលក្នុងបញ្ចីខ្មៅ និងបានហាមក្រុមហ៊ុនអាមេរិកជាច្រើនមិនឲ្យផ្គត់ផ្គង់កម្មវិធី Software និងគ្រឿងបង្គុំជា Hardware ទៅឲ្យក្រុមហ៊ុនHuawei នេះ តទៅទៀតឡើយ។
ទោះយ៉ាងណា លោករេន សេងហ្វៃ ស្ថាបនិកក្រុមហ៊ុន Huawei ក៏បានចេញមុខធ្វើសន្និសីទ កាលពីពេលថ្មីៗនេះ ដែរថា ទោះបីអាមេរិកធ្វើទុកបុកម្និញមកលើក្រុមហ៊ុន Huawei យ៉ាងណាក្ដី ប៉ុន្ដែ វាមិនមានឥទ្ធិពលអ្វី ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធបណ្ដាញ 5G របស់ក្រុមហ៊ុននេះ នោះឡើយ៕