២០២១ជាឆ្នាំខួបអនុស្សាវរីយ៍២០ឆ្នាំរបស់ប្រទេសចិន ដែលបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។ អំឡុងពេល២ទសវត្សមកនេះ ប្រទេសចិនបានប្រមូលយកបទពិសោធន៍ជាច្រើនក្នុងការបើកចំហសេដ្ឋកិច្ច និងសម្រេចបានលទ្ធផលជាផ្លែផ្កាផងដែរ។ នៅឆ្នាំ២០២១ដដែលនេះ ចិនត្រូវយកដៃម្ខាងទប់ទល់នឹងរោគរាតត្បាត ខណៈដៃម្ខាងព្យាយាមថែរក្សាខ្សែចង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ជាសកល ដែលតែងប្រឈមមុខនឹងការខ្វះខាតជារឿយៗ។
យ៉ាងណាមិញ តួលេខចុងក្រោយបំផុតពីរដ្ឋាភិបាលចិន បានបង្ហាញថា ចិននៅតែបង្ហាញពីភាពធន់នៃពាណិជ្ជកម្មរបស់ខ្លួន ទោះបានឆ្លងកាត់បញ្ហាធំៗជាច្រើននៅពេញមួយឆ្នាំហើយក្តី។ ភាពធន់នេះ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះស្ថិរភាព និងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចចិន ក៏ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ តើមានកត្តាធំៗធ្វើខ្លះដែលធ្វើឲ្យពាណិជ្ជកម្មរបស់ចិនមានភាពធន់ដូចនេះ?
កំណើនពាណិជ្ជកម្មតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ
ចិនមានដៃគូពាណិជ្ជកម្មធំៗចំនួន៥ រួមមានប្រទេសតំបន់អាស៊ាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ ដោយលើកលែងប្រទេសជប៉ុនមួយចេញ ការដោះដូរពាណិជ្ជកម្មរវាង ចិននិងប្រទេសទាំង៤ខាងលើ នៅឆ្នាំ២០២១ សុទ្ធសឹងតែសម្រេចបាននូវកំណើន២ខ្ទង់ បើធៀបនឹងឆ្នាំ២០២០។ ក្រៅពីតែកំណើនជាមួយដៃគូធំៗ ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយប្រទេសកំពុងមានទីផ្សាររីកចម្រើន ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
ជាក់ស្តែងនៅពេញមួយឆ្នាំ ២០២១ទំហំពាណិជ្ជកម្មសរុបជាមួយប្រទេសហត្ថលេខី នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានកើនដល់ជិត ២ទ្រីលានដុល្លារអាមេរិក កើនឡើងជិត ២៤%ឯណោះ។ គិតមកដល់បច្ចុប្បន្ន ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៧ ជាមួយប្រទេសចំនួន១៣ នៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរួចហើយ រួមទាំងកម្ពុជាយើងក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនដែរ។
លើសពីនេះទៀត ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដដែល ពាណិជ្ជកម្មរវាងចិន និងប្រទេសមួយចំនួននៅតំបន់អឺរ៉ុប តាមរយៈផ្លូវរថភ្លើងក៏បានកើនឡើងយ៉ាងឆាប់រហ័សដូចគ្នាដែរ។ នៅពេញមួយឆ្នាំ ២០២១ រថភ្លើងដឹកទំនិញ១ម៉ឺន៥ពាន់ទូរ ស្មើនឹងទូរកុងតឺន័រជាង១លាន៥សែន ត្រូវបាននាំចេញពីប្រទេសចិនទៅកាន់ប្រទេសតំបន់អឺរ៉ុប ដោយចំនួននេះបានកើនឡើងជិត ៣០%។កត្តាសំខាន់មួយទៀតគឺ ពាណិជ្ជកម្មជាសមាជិកនៃកិច្ចព្រមព្រៀង RCEP
អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់ចិន សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នា ពោលគឺឆ្នាំ ២០២០និងឆ្នាំ២០២១។ ជាក់ស្តែង ពាណិជ្ជកម្មអាស៊ានចិន រក្សាបានកំណើនល្អក្នុងទំហំជិត១ទ្រីលានដុល្លារអាមេរិក កើនឡើងជិត២០%។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP បានចូលជាធរមានចាប់ពីថ្ងៃទី០១ខែមករាមក សម្រាប់ប្រទេស១០ ក្នុងចំណោមសមាជិកទាំង១៥។ ចាប់ពីពេលនោះមក អត្រាពន្ធសូន្យភាគរយ រវាងពាណិជ្ជកម្មចិន អាស៊ាន អូស្ត្រាលី និងញូហ្សេលែន បានគ្របដណ្តប់លើសពី ៦៥%នៃពាណិជ្ជកម្មសរុប ហើយក្នុងនោះគោលដៅរបស់ RCEP គឺសម្រេចឲ្យបាននូវពន្ធសូន្យលើការជួញដូរទំនិញជាង ៩០%ក្នុងចំណោមរដ្ឋជាសមាជិកទាំងអស់នាពេលអនាគត៕