នៅក្នុងជំនួបនៅរដ្ឋអាឡាស្កា នៅក្នុងសប្ដាហ៍នេះ នឹងមានវត្តមានរបស់មន្ត្រីជាន់ខ្ពស់ចិនពីររូបគឺលោក យ៉ាង ជេឈី (Yang Jiechi) និង ទីប្រឹក្សារដ្ឋចិនលោក Wang Yi នឹងធ្វើដំណើរទៅកាន់រដ្ឋអាឡាស្កាទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១៨ ខែមីនា ដើម្បីជួបពិភាក្សាគ្នាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកពីររូបដូចគ្នា គឺរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និង ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
ជំនួបដ៏មានសារសំខាន់ និងជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេសន្មតថា ជាជំនួបដំបូងបង្អស់រវាងមហាយក្សទាំងពីរ ចាប់តាំងពីប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក ចូ បៃឌិន ឡើងកាន់តំណែងមក។
យ៉ាងណាមិញ ភាគីទាំងពីរមិនបានបង្ហើប ពីជំនួបលើកនេះថា នឹងត្រូវពិភាក្សាគ្នាពីបញ្ហាអ្វីខ្លះនោះទេ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកគ្រាន់តែបានបង្ហើបថា នឹងចរចាគ្នាពីបញ្ហាសំខាន់ៗមួយចំនួនប៉ុណ្ណោះ។
យ៉ាងណាមិញ ជំនួបលើកនេះត្រូវបានអ្នកវិភាគនយោបាយអន្តរជាតិជាច្រើនលើកឡើងថា អាមេរិកប្រាកដជាលើកយកបញ្ហា ជនជាតិភាគតិចមូស្លីមអ៊ូហ្គួរ នៅខេត្តស៊ីនជាំងប្រទេសចិន មកដាក់លើតុពិភាក្សាមុនគេ។ ហើយជារឿយៗអាមេរិកតែងចោទប្រកាន់ចិនថា បានធ្វើការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទៅលើជនជាតិភាគតិចអ៊ូហ្គួរ។
លើសពីនេះ អ្នកវិភាគជឿជាក់ថា បញ្ហាជនជាតិភាគតិចអ៊ុយហ្គរ ប្រាកដជាមិនមែនជាបញ្ហាតែមួយដែលអាមេរិក និងចិនលើកយកមកចរចាគ្នានោះទេ។ ប្រាកដណាស់ នៅមានបញ្ហាចាក់ស្រេះធំៗជាច្រើនទៀត អាចនឹងត្រូវបានលើយកមកពិភាក្សា ដូចជាបញ្ហាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាសិទ្ធិមនុស្សជាដើម។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទាំងពីរនៅលើពិភពលោកនេះបានស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហាជាច្រើនតួយ៉ាង បញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា 5G សិទ្ធិមនុស្ស និងសន្តិសុខក្នុងតំបន់ជាដើម។ ប៉ុន្តែគេសង្ឃឹមថា ប្រទេសមហាយក្សទាំងពីរនឹងអាចបន្ធូរបន្ថយភាពតានតឹងមកវិញ ក្រោយជំនួបនៅថ្ងៃទី១៨ មីនានេះ៕