ក្រុមប្រឹក្សារដ្ឋចិន បានប្រកាសពីបញ្ជីថ្មីនៃផលិតផលចំនួន ៧៩មុខ របស់សហរដ្ឋអាមេរិក ដែលមានសិទ្ធិទទួលបានការលើកលែងពន្ធ ដែលបានដាក់នៅក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ចំពេលដែលប្រទេសចិន មានសម្ពាធខ្លាំងទៅលើ ការនាំចូលផលិតផលមកពី អាមេរិក។
ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសឲ្យដឹងថា ការលើកលែងពន្ធថ្មីនេះ ភាគច្រើនគ្របដណ្តប់លើ គ្រឿងអេឡិតត្រូនិច ថ្នាំសំលាប់មេរោគវេជ្ជសាស្ត្រ រ៉ែលោហៈធាតុកម្រ រ៉ែមាស និងរ៉ែប្រាក់ជាដើម។
ចំពោះទំនិញអាមេរិកផ្សេងទៀត ដែលត្រូវនាំចូលមកប្រទេសចិន ដែលមិនទាន់មាននៅក្នុងបញ្ជីលើកលែងពន្ធនេះនៅឡើយ គឺសហគ្រាសចិន ត្រូវរៀបចំពាក្យស្នើសុំលើកលែងពន្ធ ដោយបញ្ជាក់ពីមុខទំនិញជាក់លាក់ ដែលគ្រោងនឹងទិញ និងនាំចូលមកពី អាមេរិក។
យ៉ាងណាក៏ដោយ ភាគីចិន មិនបានបង្ហាញពីទិន្នន័យនៃការនាំចូលផលិតផលមកពី អាមេរិកនោះទេ គ្រាន់តែធ្លាប់បានបញ្ជាក់ហើយថា នឹងមានការលើកលែងពន្ធ ចំពោះទំនិញអាមេរិកជិត ៧០០មុខ រាប់បញ្ចូលទាំងទំនិញសំខាន់ៗ ដូចជា សណ្តែកសៀង និងសាច់ជ្រូកជាដើម៕