
ហ្វូងដំរីព្រៃទាំងនេះ បានធ្វើដំណើរប្រមាណ៥០០គីឡូម៉ែត្រចេញពីតំបន់អភិរក្សធម្មជាតិមួយ ហើយកំពុងឆ្ពោះទៅជិតដល់ទីក្រុងគុនមីងហើយ។ អាជ្ញាធរសត្វព្រៃរបស់ចិននិយាយថា ពួកគេមិនទាន់បានដឹងច្បាស់នៅឡើយទេ ថាហេតុអ្វីក៏ហ្វូងដំរីនេះ បានចាកចេញពីតំបន់អភិរក្សធម្មជាតិកាលពីឆ្នាំមុន ដោយតំបន់នេះនៅជិតនឹងទីក្រុងពូអឺ ដែលគេស្គាល់ថា ជាតំបន់ដាំដុះតែដ៏ល្បី។ នៅក្នុងហ្វូងដំរីនោះមានដំរី១៦ក្បាល ប៉ុន្ដែអាជ្ញាធរនិយាយថា មានដំរី២ក្បាលបានវិលទៅកាន់តំបន់អភិរក្សវិញ ហើយមានកូនដំរីមួយក្បាលបានកើតនៅអំឡុងពេលធ្វើដំណើរផងដែរ។
អាជ្ញាធរចិន បានបិទចរាចរណ៍លើដងផ្លូវជាច្រើន ដើម្បីឲ្យហ្វូងសត្វដំរីបានដើឆ្លងកាត់ផ្លូវថ្នល់ ហើយអាជ្ញាធរក៏បានរៀបចំធ្វើរបាំង និងប្រើប្រាស់ចំណីធ្វើជានុយ ដើម្បីព្យាយាមធ្វើឲ្យពួកវានៅឆ្ងាយពីទីក្រុងគុនមីង និងតំបន់ប្រជុំជនផ្សេងទៀត។

គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ហ្វូងដំរីនេះ បានស្ថិតនៅក្នុងចម្ងាយ២០គីឡូម៉ែត្រ ពីទីក្រុងគុនមីង។ តាមរយៈការថតយករូបភាពពីលើអាកាសដោយភ្នាក់ងារព័ត៌មានចិនបានបង្ហាញថា ហ្វូងដំរីនេះ មាន៦ក្បាលជាដំរីញី និង៣ក្បាលឈ្មោល,៣ក្បាលជាដំរីជំទង់ និង៣ក្បាលជាកូនតូច។
នៅក្នុងដំណើរការជម្លៀសហ្វូងដំរីឲ្យនៅឆ្ងាយពីទីក្រុងនេះ អាជ្ញាធរចិនបានប្រើប្រាស់កម្លាំងមនុស្ស៣៦០នាក់ រថយន្ដ៧៦គ្រឿង និងយន្ដហោះគ្មានមនុស្សបើក ឬហៅថា Drone ចំនួន៩គ្រឿង។
ហ្វូងដំរីជាង១០ក្បាលនេះ ក៏បានបំផ្លិចបំផ្លាញផលដំណាំអស់ច្រើនណាស់ ដោយគិតជាទឹកប្រាក់អស់ប្រមាណជាង១លានដុល្លារអាមេរិក៕
