របាយការណ៍របស់គយចិន បានបង្ហាញឲ្យដឹងថា ចាប់ពីខែ មករា ដល់ខែកញ្ញា ឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរបស់ចិន ជាមួយបណ្តាប្រទេសដទៃ ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺធ្វើបានយ៉ាងល្អ ហើយទីផ្សារនេះ កំពុងតែពង្រីកសក្តានុពលបន្ថែមទៀត និងក្លាយជាកម្លាំងជំរុញថ្មីមួយ សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន។
លើសពីនេះ ចិន សម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៥០០ពាន់លានដុល្លារអាមេរិកជាមួយនឹង សហភាពអឺរ៉ុប និងប្រមាណ ៤៤០ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
យ៉ាងណាមិញ ក្រោយពេលដែលជម្លោះពាណិជ្ជកម្មជាមួយ អាមេរិក អូសបន្លាយកាន់តែយូរ ទំហំពាណិជ្ជកម្មរវាង ចិន និងអាមេរិក សម្រេចប្រមាណ ៣៨០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែ ដើមឆ្នាំនេះ ដែលមានការធ្លាក់ចុះ ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក លី គូវ៉េន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគ បានឲ្យដឹងថា អាជ្ញាធរគយចិន កំពុងតែពន្លឿនការងារលើ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹង បណ្តាប្រទេសជាដៃគូ ជាពិសេស បណ្តាប្រទេសក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដើម្បីបង្កើតនូវ ប្រព័ន្ធគយឆ្លាតវៃ សម្រួលដល់នីតិវិធីត្រួតពិនិត្យ និងធានា នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេស។
រដ្ឋបាលគយទូទៅនៃប្រទេសចិន បានបង្ហាញឲ្យដឹងទៀតថា បើគិតជារួម ការធ្វើពាណិជ្ជកម្មក្រៅប្រទេសរបស់ ចិន ក្នុងរយៈពេល ៩ខែនេះ សម្រេចបានជាង ៣,២ទី្រលានដុល្លារអាមេរិក ដែលមានកំណើន ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលក្នុងនោះ ចិន នាំចេញជាង ១,៧ទី្រលានដុល្លារអាមេរិក និងនាំចូលមកវិញជាង ១,៤ទី្រលានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា ការធ្វើពាណិជ្ជកម្មក្រៅប្រទេសរបស់ ចិន កាលពីឆ្នាំ ២០១៨ សម្រេចបាន ៤,៦ទី្រលានដុល្លារអាមេរិក ដែលស្មើនឹង ១១ភាគរយ នៃទំហំពាណិជ្ជកម្មទូទាំងសកលលោក៕