ប្រទេសចិន ដែលតែងតែទទួចថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសមយុទ្ធយោធារបស់ខ្លួនជុំវិញកោះនេះជាច្រើនលើកជាច្រើនសារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងគោលបំណងព្យាយាមដាក់សម្ពាធទៅលើទីក្រុងតៃប៉ិឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួនក្រោមអំណាចទីក្រុងប៉េកាំង។
ទោះបីជាបែបនេះក្តី ចិនបានសម្ដែងការមិនសប្បាយចិត្តនោះឡើយ ជាពិសេសចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកទៅលើកោះតៃវ៉ាន់ បន្ទាប់ពីលោក ចូ បៃដិន បានបង្ហាញពីភាពមិនច្បាស់លាស់នៃគោលនយោបាយការបរទសអាមេរិកជុំរិញយុទ្ធសាស្ត្រលើកោះតៃវ៉ាន់ដោយ លោកបាននិយាយថា សហរដ្ឋអាមេរិកនឹងជួយជាផ្នែកយោធាប្រសិនបើប្រទេសចិនហ៊ានវាយប្រហារកោះតៃវ៉ាន់មែននោះ។ ការថ្លែងនេះធ្វើឡើង ស្របពេលលោកបានធ្វើដំណើរទស្សកិច្ចមកកាន់តំបន់អាស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៃទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើត បាននិយាយថា "ការល្បាតដែលត្រៀមប្រយុទ្ធក្នុងលក្ខណៈទ្រង់ទ្រាយធំនេះ" បានធ្វើឡើងនៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយជា "សកម្មភាពចាំបាច់មួយក្នុងការឆ្លើយតបនឹងការគំតរាមគំហែង និងការឃុបឃិតគ្នារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់"។
ទីបញ្ជាការនេះបានបន្ថែមថា "ថ្មីៗនេះ សហរដ្ឋអាមេរិកបានបង្ហាញពីភាពមិនប្រក្រតីជាញឹកញាប់ជាមួយកោះតៃវ៉ាន់ ដោយអាមេរិកនិយាយផ្សេង និងធ្វើផ្សេងជាមួយចិន ហើយព្រមទាំងញុះញង់ឱ្យកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យក៏ថាបាន ដែលការណ៏នេះនឹងរុញឲ្យកោះតៃវ៉ាន់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ" ។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន ហើយកងទ័ពចិននឹងបន្តពង្រឹងការហ្វឹកហ្វឺនយោធា និងការត្រៀមខ្លួនរួចជាស្រេចដើម្បី "រារាំង" ការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ និងសកម្មភាពរបស់អ្នកដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់។
គួររំលឹកថា កោះតៃវ៉ាន់កាលពីថ្ងៃចន្ទនេះ បានរាយការណ៍ថា មានយន្តហោះរបស់ប្រទេសចិនចំនួន ៣០ គ្រឿងដែលបានហោះចូលក្នុងដែនអាកាសដែលខ្លួនការពារ (ADIZ) សារជាថ្មី គិតចាប់ពីខែមករាកន្លងមក។ ជាការឆ្លើយតប អាជ្ញាធរកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងទៅហោះព្រមានយន្តហោះចិនដីគោកទាំង ៣០គ្រឿងដែលបានហោះចូលមកដែនអាកាសរបស់ខ្លួន ឲ្យចាកចេញពីដែនអាកាសនោះភ្លាមៗផងដែរ និងក៏បានពង្រាយប្រព័ន្ធមីស៊ីល ដើម្បីត្រួតពិនិត្យយន្ដហោះទាំងនោះថែមទៀតផង។
បើទោះបីជាយ៉ាងណាក៏ដោយ កោះតៃវ៉ាន់បាននិយាយថា មានតែប្រជាជនរបស់ខ្លួនទេ ដែលមានសិទ្ធិសម្រេចអនាគតនៃដែនកោះខ្លួន ដោយបានបដិសេធការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិន។ តៃវ៉ាន់បានប្តេជ្ញាថា ខណៈពេលដែលយើងចង់បានសន្តិភាព យើងក៏ត្រូវការពារខ្លួនផងដែរ ប្រសិនបើចាំបាច់។
អត្ថបទ៖ ហ៊ុន គន្ធថៃ