តំណាងផ្សារទំនើបបោះដុំទំនិញដដែលរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ”ផ្សារទំនើបបោះដុំទំនិញនេះមានកម្ពស់២ជាន់ ២អគារ គ្រោងនឹងបើកជាផ្លូវការនៅថ្ងៃទី២១ ចុងខែនេះហើយ ដោយមានការចូលរួមសម្ពោធដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា”។
ផ្សារទំនើបបោះដុំ នៅក្នុងទីក្រុងពាណិជ្ជកម្ម កម្ពុជា-ចិន ជាតំបន់អភិវឌ្ឍន៍ថ្មីមួយដែលមានការសាងសង់នៅលើផ្ទៃដីទំហំប្រមាណ ៥៤ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុច គីឡូម៉ែត្រលេខ២៣ សង្កាត់ចោមចៅ រាជធានីភ្នំពេញ។
អ្វីដែលគួរឲ្យកត់សម្គាល់ ពិសេស ខុសប្លែកពីផ្សារទំនើបដទៃទៀតនៅកម្ពុជា គឺនៅផ្សារទំនើបបោះដុំនេះ មានលក់ផលិតផលបោះដុំដ៏ធំ តែផ្ដោតទៅលើគ្រឿងសង្ហារិម គ្រឿងសំណង់ និងគ្រឿងតុបតែងបំពាក់សម្ភារៈគេហដ្ឋានតែប៉ុណ្ណោះ ដែលទំនិញទាំងអស់នឹងនាំចូលពីប្រទេសចិនផ្ទាល់តែម្តង។
យ៉ាងណាក៏ដោយ តំណាងផ្សារទំនើបខាងលើ មិនបានប្រាប់ពីទំហំទឹកប្រាក់នៃការវិនិយោគច្បាស់លាស់នោះទេ ដោយគាត់បានបញ្ជាក់ថា ការវិនិយោគសាងសង់មិនមែនមានតែផ្សារទំនើបនោះទេ ក៏មានដែរ នូវគម្រោងវិនិយោគសាងសង់ផ្ទះល្វែងនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មកម្ពុជា-ចិន ខាងលើនេះដែរ ក្នុងតម្លៃរាប់លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងរយៈពេលពីរ-បីឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានការទាក់ទាញវិនិយោគិនពីក្រៅប្រទេសជាច្រើន ដែលបានមកបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យឧស្សាហកម្ម សេវាកម្ម សំណង់ អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ និង វិស័យលក់រាយ ជាដើម។
នៅក្នុងចំណោមវិនិយោគទាំងអស់នៅកម្ពុជា ចិននាំមុខគេក្នុងការវិនិយោគនៅប្រទេសកម្ពុជា ពិសេស វិនិយោគទៅក្នុងវិស័យសំណង់។
តើសំណង់ចិន និងការវិនិយោគរបស់ចិនក្នុងវិស័យនេះ មានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?
តាមពិតទៅ ចិនគឺជាវិនិយោគិនធំជាងគេបំផុតក្នុងវិស័យសំណង់នៅកម្ពុជាក្នុងរយៈពេល១៧ឆ្នាំមកនេះ ពោល គឺមានគម្រោងជាង ១២១គម្រោង ដែលគិតជាទឹកប្រាក់មានប្រមាណជិត ២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ី ឌី ស៊ី។
ក្រុមអ្នកជំនាញតាមដានសង្គមនិងសេដ្ឋកិច្ច បានអះអាងថា ការរីកលូតលាស់នៃវិស័យសំណង់របស់ចិននៅកម្ពុជា ដូចជា អគារខ្ពស់ បុរី ខុនដូ និងហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានបង្កើតការងារដល់កម្មករខ្មែរប្រមាណជាង ២៥ម៉ឺននាក់ ក្នុងមួយថ្ងៃ។
យ៉ាងនេះក្តី ការវិនិយោគរបស់ចិនក៏បានផ្តល់ផលអវិជ្ជមានមួយចំនួនផងដែរ ដែលទាមទារឲ្យមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ទៅលើច្បាប់ បទបញ្ជាផ្ទៃក្នុងផ្សេងៗរបស់ប្រទេសកម្ពុជា៕