នៅក្នុងចំណោមករណីវិជ្ជមានកូវីដ-១៩ ចំនួន២៧ករណីដែលបានរកឃើញ និងប្រកាសដោយអាជ្ញាធរសុខាភិបាលជាតិរបស់ចិន នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានឲ្យដឹងថា មាន៧ករណីប៉ុណ្ណោះជាករណីនាំចូល និងមាន១៨ករណីរកឃើញនៅក្នុងទីក្រុងនៃខេត្តគ័ងចូវ និង២ករណីទៀតនៅក្នុងខេត្តគ័ងដុង។
ក្រោយពីបានរកឃើញករណីឆ្លងថ្មីបន្ដកើនឡើង នៅម៉ោង ១១៖៤០នាទីព្រឹកថ្ងៃទី ៣១ខែឧសភា មានជើងហោះហើរជាង៥០០ជើងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិបាយយុន នៅក្នុងខេត្តគ័រចូវ ត្រូវបានលុបចោល ដែលមានប្រហែល៣៧% នៃជើងហោះហើរសរុបប្រចាំថ្ងៃ។ កាលពីឆ្នាំមុន អាកាសយានដ្ឋានមួយនេះ ទទួលបានអ្នកដំណើរជិត ៤៤លាននាក់ ហើយក៏ជាអាកាសយានដ្ឋានមួយ ដែលមានភាពមមាញឹកខ្លាំងជាងគេបំផុតក្នុងអំឡុងពេលដែលមានមេរោគរាតត្បាតជាសកលនេះ។
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ អាជ្ញាធរទីក្រុងនៃខេត្តគ័ងចូវ បានបញ្ជាក់ថា ប្រជាជនដែលចាកចេញពីទីក្រុងតាមរយៈអាកាសយានដ្ឋាន ស្ថានីយរថភ្លើង និងស្ថានីយរថយន្ដក្រុង ត្រូវតែបង្ហាញពីលិខិតបញ្ជាក់ពីការបានធ្វើតេស្ដលទ្ធផលអវិជ្ជមានកូវីដ-១៩ នៅក្នុងរយៈពេល៣ថ្ងៃ។ ជាមួយគ្នា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះដែរ អាជ្ញាធរក៏បានបញ្ជាឲ្យពលរដ្ឋនៅក្នុងតំបន់មួយចំនួននៃទីក្រុង ត្រូវស្នាក់នៅក្នុងផ្ទះ ផ្អាកសកម្មភាពណាមិនចាំបាច់ ខណៈដែលទីតាំងកម្សាន្ដ និងផ្សារក៏ត្រូវបានបិទផងដែរ។
អាជ្ញាធរសុខាភិបាលចិន គ៏បានបញ្ជាក់កាលពីចុងសប្ដាហ៍មុននេះដែរថា ការឆ្លងរាលដាលក្នុងទីក្រុងដែលបានកើតឡើងថ្មីៗនេះ ត្រូវបានរកឃើញថា គឺមានមេរោគបំប្លែងខ្លួនថ្មីពីឥណ្ឌា ដែលមានកម្រិតឆ្លងលឿនរហ័ស។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣០ខែឧសភា ប្រទេសចិនមានអ្នកឆ្លងកូវីដ-១៩សរុបជាង ៩ម៉ឺននាក់ ខណៈដែលអ្នកស្លាប់មានជាង៤ពាន់៦រយនាក់៕