ទិន្នន័យចុងក្រោយមួយពីក្រសួងហិរញ្ញវត្ថុចិន បានបង្ហាញថា អត្រាធ្លាក់ចុះនៃសូចនាករសំខាន់ៗសម្រាប់ក្រុមហ៊ុនរដ្ឋ ចាប់ពីខែមករា ដល់ខែឧសភា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ឃើញថា បានចាប់ផ្ដើមចុះទាបមកវិញ ដោយសារតែចិនបានងើបឡើងពីសេដ្ឋកិច្ចចុះអន់ថយ មិនធ្លាប់មានបណ្ដាលមកពីការឆ្លងរាលដាលនៃមេរោគកូវីដ-១៩នោះ។
ក្នុងខែឧសភា ប្រាក់ចំណូលសរុបរបស់សហគ្រាសរដ្ឋចិន បានកើនឡើងឡើង ៤% ធៀបនឹងខែមេសា និងមានការកើនឡើងដល់ទៅ ៩៨,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជា ខែឧសភា ប្រាក់ចំណូលសហគ្រាសរដ្ឋចិន មានការកើនឡើងខ្ពស់ក៏ដោយ ប៉ុន្ដែ បើមើលលើរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២០នេះ គឺប្រាក់ចំណូលមានតែ ប្រមាណជាង ៣ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះជិត៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការចំណាយលើប្រតិបត្តិការសរុបចាប់ពីខែមករា ដល់ខែឧសភា គឺមានរហូតដល់ប្រមាណជិត២២ ទ្រីលានយ័ន ធ្លាក់ចុះប្រមាណ ៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យ៉ាងណាក៏ដោយចុះ សម្រាប់តែឧសភា ប្រាក់ចំណេញសរុបរបស់សហគ្រាសរដ្ឋចិន បានហក់កើនឡើងខ្ពស់ជាង២៥០% ដែលវាបានបង្ហាញយ៉ាងច្បាស់ថា សេដ្ឋកិច្ចចិនចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗហើយ។
ប៉ុន្ដែ បើមើលទៅលើ៥ខែដំបូងនៅឆ្នាំ២០២០ ឃើញថា បញ្ហាការរីករាលដាលនៃកូវីដ-១៩ បានធ្វើឲ្យប្រាក់ចំណេញសហគ្រាសរដ្ឋធ្លាក់ចុះ ជិត៥៣% ធៀបនឹង៥ខែកាលពីឆ្នាំ២០១៩ ដោយមានប្រាក់ចំណេញប្រមាណជាង៦៦៣ ពាន់លានយ័ន។ រីឯប្រាក់ចំណេញសុទ្ធនៅក្នុងខែឧសភានេះ បានកើនឡើងដល់ទៅ ៤១៥% ធៀបនឹងខែមេសា។ ប៉ុន្ដែ បើមើលទៅលើ៥ខែនៅឆ្នាំនេះ ប្រាក់ចំណេញសុទ្ធ មានប្រមាណជិត ៤០០ពាន់លានយ័ន ធ្លាក់ចុះដល៉ទៅជិត៦២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
គួរបញ្ជាក់ថា បើទោះបីជាមានស្ថានភាពជួបនឹងការរីករាលដាលកូវីដ-១៩ និងការជួបប្រទះនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចក៏ដោយ ប៉ុន្ដែសម្រាប់ប្រទេសចិន នៅឆ្នាំនេះត្រូវបានព្យាករថា នឹងនៅតែរក្សាបានសេដ្ឋកិច្ចក្នុងអត្រាកំណើនវិជ្ជមានមិនមានការធ្លាក់នោះទេ ស្របពេលដែលប្រទេសជាច្រើននៅអាស៊ី រួមទាំងអាមេរិក និងអឺរ៉ុប កំពុងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ច ពោគឺមានអត្រាសេដ្ឋកិច្ចអវិជ្ជមាន (ដក)៕