សារព័ត៌មានធំៗបានរាយការណ៍ថា មហាយក្សចិនកំពុងដឹកជញ្ជូនទំនិញកាន់តែច្រើនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តាមរយៈប្រទេសម៉ិកស៊ិក ដោយគេចវេសពីពន្ធដ៏ច្រើន ដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ហើយត្រូវបានបន្តរក្សាទុកដោយសេតវិមានក្រោមរដ្ឋបាល លោក ចូ បៃដិន។ តាមការវិភាគដោយក្រុមហ៊ុន Xeneta ដែលជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំនៅលើពិភពលោកបានបង្ហាញថា ចំនួនកុងតឺន័រធុនធំ ដែលដឹកជញ្ជូនពីប្រទេសចិនទៅម៉ិកស៊ិក បានកើនឡើងជាង៨៨ម៉ឺន TEU ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។
ប្រភពដដែលបានបន្តថា ការកើនឡើងនេះបានកើតឡើងនៅពេលដែលម៉ិកស៊ិក បានវ៉ាដាច់ប្រទេសចិនជាអ្នកនាំចេញទំនិញដ៏ធំបំផុតទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក កាលពីឆ្នាំមុន ហើយដោយសារតែការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនទៅកាន់សហរដ្ឋអាម៉េរិក បានបន្តកើនឡើងយ៉ាងឆាប់រហ័ស។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក រ៉ូប៊ិន ប្រូក (Robin Brooks) អតីតសេដ្ឋវិទូនៅវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បាននិយាយថា សហរដ្ឋអាម៉េរិក គឺជាអ្នកប្រើប្រាស់ធំបំផុតរបស់ពិភពលោក រីឯ ប្រទេសចិនគឺជាប្រទេសផលិតទំនិញធំបំផុតរបស់ពិភពលោកដែរ ដូច្នេះទោះជាគេប្រើប្រាស់យុទ្ធសាស្រ្តយ៉ាងណាក៏ដោយ ក៏មហាអំណាចទាំងពីត្រូវតែជួបគ្នា។
ចាប់តាំងពីសហរដ្ឋអាម៉េរិកសម្រេចចិត្តកាត់បន្ថយការពឹងផ្អែកខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់ពីប្រទេសចិន នៅក្នុងឆ្នាំ២០១៨ កាលនាំចេញទំនិញរបស់ចិនទៅកាន់អាម៉េរិកធ្លាក់ចុះ១៥%។ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុនចិនជាច្រើនក៏បានរើទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសដែលអាម៉េរិកនៅតែបើកចំហរ តួរយ៉ាងដូចជាប្រទេសម៉ិកស៊ិកជាដើម។
នៅក្នុងទំនាក់ទំនងនេះ លោក អេរិក ដេវីតាក (Erik Devetak) ប្រធានផ្នែកផលិតផល និងទិន្នន័យនៅ Xeneta បាននិយាយថា ការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន គឺជាសំឡេងងាយស្រួលសម្រាប់អ្នកនយោបាយ ប៉ុន្តែការពិត គឺខុសគ្នាខ្លាំងណាស់។ ដំណោះស្រាយពិតប្រាកដដែលឆ្លើយតបចំពោះខ្សែច្រវាក់ផលិតកម្ម និងតម្រូវការប្រើប្រាស់ជាសកលជាកិច្ចការដ៏ធំ ដែលនឹងចំណាយពេលច្រើនឆ្នាំ រីឯការវិនិយោគដ៏ធំមហិមា ក៏ទាមទារការអន្តរាគមន៍ពីរដ្ឋផងដែរ។
ជុំវិញបញ្ហានេះ អ្នកវិភាគមួយចំនួនទៀតបានលើកឡើងថា ក្រៅពីម៉ិកស៊ិក ចិននៅអាចប្រើប្រាស់ប្រទេសផ្សេងៗទៀត។ អ្នកវិភាគទាំងនេះបានលើកឡើងថា ទីក្រុងប៉េកាំង ក៏កំពុងធ្វើឲ្យមានអតិរេកពាណិជ្ជកម្មនៅប្រទេសដទៃដូចជាវៀតណាម សិង្ហបុរី និងហ្វីលីពីនជាដើម៕
ដោយៈ សរ សុជាតិ